រដ្ឋាភិបាល នៃប្រទេសណូវែលហ្សឺឡង់ បានផ្តល់នូវហិរញ្ញប្បទានបន្ថែមចំនួន ៥ លានដុល្លារណូវែលហ្សឺឡង់ ស្មើនឹងជាង៣លាន១សែនដុល្លារអាមេរិក ក្នុងគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលសម្របសម្រួលដោយអង្គការ UNDP ។ តាមរយៈគម្រោងនេះ អាជ្ញាធរមីន បាននិងកំពុងរៀបចំផែនការបោសសម្អាតមីនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។

ការផ្តល់នេះធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ប្រព្រឹត្តិទៅនៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២៣ ដោយឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១នៃអាជ្ញាធរមីនដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ដែលតំណាងដោយលោកស្រី Alissar Chaker ប្រធាន UNDPប្រចាំកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជ កម្ម នៃប្រទេសណូវែលហ្សឺឡង់ តំណាងដោយ ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជា។

ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សឺឡង់ បានលើកឡើងថា សកម្មភាពមីននៅកម្ពុជាពិតជាមានផលវិជ្ជមានដល់ប្រជាពលរដ្ឋកម្ពុជា។ ហើយក៏បានកោតសរសើរកម្ពុជាផងដែរ ដែលបានបំពេញការងារយ៉ាងល្អក្នុងកិច្ចសង្គ្រោះជនរងគ្រោះ និងការបញ្ជ្រាបយេនឌ័រចូលក្នុងសកម្មភាពមីន។ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា ដើម្បីសម្រេចបានគោលដៅរួម វាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការខ្ពស់ ហើយទោះបីជាកម្ពុជាសម្រេចបានសមិទ្ធផលគួជាទីកត់សម្គាល់ កម្ពុជានៅមានកិច្ចការជា ច្រើនទៀតដែលត្រូវធ្វើដើម្បីធានាសម្រេចបានគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។
ក្នុងនាម សម្តេចធិបតី នាយករដ្ឋមន្រ្តី ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសណូវែលហ្សឺឡង់ ដែលបានផ្តល់ការគាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជាជាលើកទី២ នេះ ដោយកាលពីឆ្នាំ២០២១កន្លងទៅ ប្រទេសណូវែលហ្សឺឡង់នេះ ក៏បានផ្តល់ហិរញ្ញប្បទានដល់គម្រោងបោស សម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ ចំនួន ៣,៨ លាន ដុល្លារអាមេរិកផងដែរ៕ អត្ថបទ៖ ភារម្យ
