ភ្នំពេញ៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការក្រើនរំលឹកជាថ្មី ដល់មន្ដ្រីទាំងអស់របស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបង្កើនការសិក្សា ស្រាវជ្រាវ ណែនាំដល់អាជ្ញាធរថ្នាក់ក្រោមជាតិ និងដឹកនាំអនុវត្តការងារអនុវត្តច្បាប់ និងផ្សព្វផ្សាយអប់រំ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងឱកាសអញ្ជើញជាធិបតីភាពពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់ជាន់ថ្នាក់ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម នេត សាវឿន បានប្រៀបការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា ដូចគ្នាទៅនឹងការប្រយុទ្ធក្នុងសមរភូមិសង្គ្រាមយ៉ាងដូច្នេះដែរ។ ឯកឧត្តមបានផ្ដល់អាទិភាពខ្ពស់លើការងារផ្សព្វផ្សាយអប់រំទៅកាន់គ្រប់មជ្ឈដ្ឋានទាំងអស់ ដែលជាចំណែកមួយដ៏សំខាន់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបញ្ជាក់ថា ការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ដឹងអំពីផលប៉ះពាល់ នៃគ្រឿងញៀន និងល្បិចកលរបស់ឧក្រិដ្ឋជន ត្រូវកែទម្រង់យន្ដការផ្សព្វផ្សាយអប់រំមួយចំនួន ដែលមិនទាន់មានប្រសិទ្ធខ្ពស់ ដោយត្រូវប្រើប្រាស់នូវយន្ដការថ្មីៗ ធ្វើបែបណាឲ្យមហាជនទូទៅឆាប់ចាប់អារម្មណ៍ ពិសេសក្នុងចង្កោមយុវជន ដែលជាមុខសញ្ញាងាយរងគ្រោះថ្នាក់។

ឯកឧត្តមថ្លែងថា៖«ខ្ញុំឃើញអាទិភាពទី១ កិច្ចការផ្សព្វផ្សាយអប់រំ យើងលើកនេះយកការផ្សព្វផ្សាយអប់រំទី១ សំខាន់ណាស់ដើម្បីឲ្យប្រជាពលរដ្ឋយើងយល់ដឹង ដូច្នេះសូមរួមសហការគ្នា។ ពាក្យផ្សព្វផ្សាយអប់រំនេះ សូមធ្វើការកែទម្រង់ធ្វើយ៉ាងណាអប់រំឲ្យមានគុណភាព។ អគ្គលេខាធិការដ្ឋាន នាយកដ្ឋានជំនាញ សិក្សាអំពីផែនការ ខ្លឹមសារ របៀប និងវិធីសាស្ដ្រ ហើយត្រូវរកអ្វីដែលថ្មី រកអ្វីដែលពេញនិយមងាយស្រួលប្រជាពលរដ្ឋតាមដាន»។

ឯកឧត្តម នេត សាវឿន ជំនួសមុខឲ្យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញនូវការជឿជាក់លើសមត្ថភាព របស់មន្ដ្រីនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងអស់ ហើយត្រូវរួមគ្នាក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកសម្រេចឲ្យបាននូវការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ៕





