ចក្រភពអង់គ្លេសកាលពីថ្ងៃពុធ បានប្រកាសពីការដាក់ទណ្ឌកម្មថ្មីមួយប្រឆាំងនឹង «យន្តការសង្គ្រាម» របស់រុស្ស៊ី នៅអ៊ុយក្រែន ខណៈលោក David Cameron បានធ្វើដំណើរទៅក្រុងវ៉ាស៊ីនតោនសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ក្នុងនាមជារដ្ឋមន្ត្រីការបរទេស។
ការដាក់ទណ្ឌកម្មថ្មីនេះ រារាំងក្រុមហ៊ុនរបស់ចក្រភពអង់គ្លេសពីការទំនាក់ទំនងជាមួយអាជីវកម្ម និងបុគ្គលនៅក្នុងប្រទេសមួយចំនួនដូចជា បេឡារុស ចិន ស៊ែរប៊ី ទួរគី អារ៉ាប់រួម និងអ៊ូសបេគីស្ថាន ក្នុងចំណោមប្រទេសដទៃទៀត។

ការិយាល័យបរទេសរបស់ចក្រភពអង់គ្លេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទណ្ឌកម្មថ្មីចំនួន៤៦ផ្តោតលើ «បុគ្គលនិងក្រុមនានាដែលផ្គត់ផ្គង់ និងផ្តល់មូលនិធិដល់យន្តការសង្គ្រាមរបស់ (លោក ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន)។
ក្នុងចំណោមអ្នកទាំងនោះរួមមាន «អ្នកដើរតួបីនាក់ ដែលគាំទ្របណ្តាញក្រុមទាហានស៊ីឈ្នួល Wagner Group និងប្រតិបត្តិករចំនួន៤នៃអ្វីដែលគេហៅនាវារបស់កងនាវាស្រមោល ដែលត្រូវបានប្រើប្រាស់ដោយប្រទេសរុស្ស៊ី ដើម្បីទប់ទល់នឹងទណ្ឌកម្មទាក់ទងនឹងប្រេង ដែលដាក់ដោយចក្រភពអង់គ្លេសជាមួយនឹងដៃគូ G7»។

ក្រុមប្រដាប់អាវុធ ដែលមានទំនាក់ទំនងជាមួយកងទ័ពរុស្ស៊ី ដូចជាកម្លាំងទាហានស៊ីឈ្នួល Wagner បានធ្វើសកម្មភាព នៅក្នុងប្រទេសអ៊ុយក្រែន ហើយត្រូវបានចោទប្រកាន់ពីបទរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិច្រើនរាប់មិនអស់។