ភ្នំពេញ ៖ ក្នុងស្ថានភាពដែលបណ្តាខេត្តជាច្រើនបាននិងកំពុងប្រឈមយ៉ាងធ្ងន់ធ្ងរគ្រោះជំនន់ទឹកភ្លៀង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលបរិច្ចាគថវិកាផ្ទាល់ខ្លួនជាបន្តបន្ទាប់ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។
សម្តេចបានបង្ហាញតាមរយៈហ្វេសប៊ុកនៅវេលាម៉ោង៩:៥០នាទីព្រឹកថ្ងៃថ្ងៃទី១៥តុលាថាគិត មកដល់ម៉ោង៩:៥០:នាទីថវិកាដែលទទួលបាន មាន ៥លាន៧សែន៩ម៉ឺន ៥ពាន់ដុល្លារនិង២០៤លានរៀល។
សម្តេច បានអរគុណចំពោះសប្បុរសជនដែល បានចូលរួមជាបន្តបន្ទាប់ដើម្បីជួយ ប្រជាជន ក្នុងគ្រោះជំនន់ទឹកភ្លៀងដែលកំពុង កើតមាននៅក្នុងប្រទេស។
សម្តេច បានអះអាងថា ថវិកាដែលសប្បុរសជនចូលរួមនេះនឹងចាត់ចែងជួយសង្គ្រោះបន្ទាន់តាមរយៈ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ សម្តេច បន្តថា ក្នុងករណីមានសប្បុរសជនចង់ចូលរួមបន្ថែមទៀតនោះ សម្តេច បានណែនាំអោយទាក់ទងទៅលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ សម្តេច ក៏បានបង្ហាញនូវមោទនភាពជាតិថា ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក។
សូមបញ្ជាក់ថា ម្សិលមិញរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមអមដោយមន្ត្រីជំនាញពាក់ព័ន្ធនឹងអាជ្ញាធរខេត្តកណ្ដាល បានចុះពិនិត្យតាមដាន និងវាយតម្លៃស្ថានភាពទឹកដើម្បីសម្រួលលំហូរបរិមាណជំនន់ទឹកភ្លៀងនៅភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ព្រមទាំងត្រៀមលក្ខណៈកែលម្អបន្ថែមជាមុននឹងចាប់ផ្ដើមអនុវត្តគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត នៅរាជធានីខេត្តទាំង ៣ ខាងលើនាពេលដ៏ខ្លីខាងមុខ។ ស្ថានភាពទឹកជាក់ស្ដែងល្ងាចម្សិលមិញ គឺកម្ពស់ទ្វារទឹកទំនប់អាង ៧ មករា មានកម្រិតកម្ពស់ទ្វារទឹកខាងមុខ ៦,៥៤ម៉ែត្រ ហូរលើទ្វារទឹកកម្ពស់ ១,៧៤ម៉ែត្រ កម្ពស់ទ្វារទឹកក្រោយ ៩,៤៥ម៉ែត្រ ។កម្ពស់ទឹកនេះធៀបនឹងពេលព្រឹកបានកើនកម្ពស់ ០,២០ ម៉ែត្របន្ថែមដោយសារមានការបើកទ្វារទឹកនៅសំណង់ទ្វារទឹករលាំងជ្រៃ នៅខេត្តកំពង់ស្ពឺ។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដោយសណ្ដរទំនប់ស្ទឹងព្រែកត្នោត និងផ្នែកខាងក្រោមមេត្តា បន្តការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈបន្ថែមដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុពីជំនន់ទឹកភ្លៀងនេះ៕





