ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសម្រាប់ថ្នាក់ក្រោមជាតិស្តីពី «ការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ឆ្នាំ២០២១-២០៣០» នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងថា ផែនទីបង្ហាញផ្លូវនេះ នឹងផ្តល់នូវចក្ខុវិស័យជាយុទ្ធសាស្ត្រសម្រាប់ការងារគ្រប់គ្រង និងបង្ការភាពពិការភ្នែក នៃវិស័យសុខាភិបាលរបស់ថ្នាក់ក្រោមជាតិ សម្រាប់រយៈពេល ៧ឆ្នាំខាងមុខ។ ហើយផែនទីបង្ហាញផ្លូវនេះ គឺជាការបន្តចូលរួមក្នុងការបង្កើនការពង្រឹងគុណភាព ពង្រីកវិសាលភាពសេវាសុខភាពភ្នែក នៅទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យដល់កៀកប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីចូលរួមកាត់បន្ថយភាពពិការភ្នែកឱ្យនៅត្រឹម០.៣៥% នៅឆ្នាំ២០៣០ ដែលបានចែងក្នុងផែនការយុទ្ធសាស្ត្រជាតិ ស្ដីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែកឆ្នាំ២០២១-២០៣០ នៃក្រសួងសុខាភិបាល។ ផែនទីបង្ហាញផ្លូវនេះ ក៏ជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ក្រោមជាតិយកទៅបង្កើតជាផែនការប្រតិបត្តិ និងផែនការសកម្មភាពប្រចាំឆ្នាំ ដើម្បីអនុវត្តនូវការផ្តល់សេវាថែទាំព្យាបាលសុខភាពភ្នែក ជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងនៅគ្រប់ទិសទីក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើម្បីពង្រឹងគុណភាព និងពង្រីកវិសាលភាពសេវាសុខភាពភ្នែកបន្ថែមទៀត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមអំពាវនាវបន្ថែមចំពោះការគ្រប់គ្រង និងបង្ការភាពពិការភ្នែកដូចខាងក្រោម៖
បន្តយន្តការ និងអនុវត្តសកម្មភាពដែលមានស្រាប់ និងផែនទីបង្ហាញផ្លូវសម្រាប់ថ្នាក់ក្រោមជាតិ ស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ដែលដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃនេះ ដោយធានាបាននូវការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍។ លើកកម្ពស់ការចូលរួមរបស់សហគមន៍ ក្នុងការបង្ការភាពពិការភ្នែក និងគំហើញចុះខ្សោយ ដែលអាចចៀសវាងបាន ជាពិសេសក្នុងចំណោមប្រជាជនដែលងាយរងគ្រោះបំផុត ដូចជា៖ ទារកកើតមិនគ្រប់ខែ សិស្សសាលា ស្ត្រី ជនមានពិការភាព មនុស្សដែលមានអាយុចាប់ពី៥០ឆ្នាំឡើង និងគ្រប់ក្រុមអាយុទាំងអស់ដែលមានបញ្ហាគំហើញចុះខ្សោយ។ -ធ្វើទំនើបកម្ម និងពង្រីកបន្ថែម ផ្នែកចក្ខុរោគ ប្រកបដោយនវានុវត្តន៍ ឌីជីថល និងគុណភាព។ -ជម្រុញការអនុវត្តគម្រោងពង្រឹងគុណភាព ពង្រីកវិសាលភាពសេវាសុខភាពភ្នែកឱ្យបានប្រគៀកជាមួយសហគមន៍ ជាពិសេសបង្កើត និងពង្រឹងមណ្ឌលស្តារគំហើញ ព្រមទាំងធ្វើសមាហរណកម្មនៃការថែទាំសុខភាពភ្នែកបឋមនៅមណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាព។ -សូមឱ្យមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ គោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្ដល់សេវាជូនប្រជាជននៅក្នុងមូលដ្ឋាន និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូថ្មីៗថែមទៀត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណអង្គការជាតិ និងអន្តរជាតិទាំងអស់ រួមមាន SEVA Foundation, Fred Hollows Foundation, Eye Care Foundation, Heart to Heart Foundation, Battambang Ophthalmic Care, Caritas-Takeo Eye Hospital and Sight For All និងស្នើឱ្យបុគ្គលិកសុខាភិបាលទាំងអស់ ចូលរួមអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ថ្នាក់ក្រោមជាតិ ស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ឆ្នាំ២០២១-២០៣០ នេះឲ្យមានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ រដ្ឋា















