ភ្នំពេញ ៖ សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាយាងចូលរួមពិធីបុណ្យគម្រប់ខួបឆ្នាំទី៣២ នៃគណៈធម្មយុត្តិកនិកាយនៅវត្តស្វាយពពែ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតនៅសង្កាត់ទន្លេរបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់សម្តចក្រឡាហោម ស ខេង ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងនិមន្តចូលរួមពីសម្តេច ព្រះថេរានុត្ថេរៈទាំងពីរគណៈ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ស្ថាប័ន នៅវត្តស្វាយពពែ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។
នាឱកាសជ័យមង្គលនេះ សម្តេចអភិសេរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះបន្ទូលថា ព្រះពុទ្ធសាសនារដ្ឋគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានមកប្រតិស្ថាននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៩១ ក្រោមការស្នើសុំពីសំណាក់សម្តេចអគ្គមហាធម្មពោធិសាល កិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម ប្រធានព្រឹទ្ធសភា នៅពេលនោះជាឯកឧត្តម ជា ស៊ីម ប្រធានរដ្ឋសភានៃរដ្ឋកម្ពុជា ប្រធានរណសិរ្សសង្គ្រោះមាតុភូមិកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ពេលនោះព្រះអង្គជាព្រះប្រធានក្រុមប្រឹក្សាជាន់ខ្ពស់ ទ្រង់បានថ្វាយព្រះឋានៈ ជាសម្តេចព្រះសុគន្ធាធិបតី សម្តេចព្រះសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃកម្ពុជា ។ ពេលនោះពុំទាន់មានវត្ត និងព្រះសង្ឃគណៈធម្មយុត្តនៅឡើយ អង្គអាត្មាភាព ស្តេចទ្រង់ប្រថាប់នៅក្នុងវត្តឧណ្ណាលោម អស់រយៈពេល បីខែ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩២ ទើបមកគង់ នៅ វត្តបទុមវតីរាជវរារាម (វត្តបទុមធម្មយុត្ត) ប្រារព្ធពិធីក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ និងសម្តេចព្រះមហាក្សត្រីយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដោយមានការអញ្ជើញចូលរួមពីសម្តេចអគ្គមហាធម្មពោធិសាលកិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងមន្រ្តីរាជការ ជាន់ខ្ពស់ដទៃ។ ចំណែកខាងព្រះសង្ឃ រួមមានសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និងព្រះមន្ត្រីសង្ឃព្រមទាំងពុទ្ធបរិស័ទ យាងនិងអញ្ជើញចូលរួមយ៉ាងច្រើនកុះករនាឱកាសពេលនោះ។
ឯកឧត្តម ចាយ បូរិន អានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបថ្វាយបង្គំអបអរសាទរខួបទី៣២ឆ្នាំ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា នៅវត្តស្វាយពពែ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជម្រាបជូនសម្តេចក្រឡាហោម និងថ្វាយសម្តេចអភិសេរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងបានកោតសរសើរយ៉ាក្រៃលែងចំពោះសម្តេចក្នុងការលះបង់អស់ពីព្រះកម្លាំងកាយពលដឹកនាំគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានរីកចម្រើនរហូតដល់សព្វថ្ងៃ ។
ក្នុងឱកាសដ៏មហានក្ខត្តឬកនេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានមានប្រសាសន៏ថា ក្នុងរយៈពេល៣ទសវត្សមកនេះ ទោះបីរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា បានកំណត់ថា ពុទ្ធសាសនាជាសាសនារដ្ឋ ក៏ប៉ុន្តែផ្អែកលើគោលនយោបាយដ៏ត្រឹមត្រូវនៃការធ្វើសុខដុមជាតិសាសន៍ និងសាសនា បានបង្កបរិយាកាសអំណោយផលដល់គ្រប់ពុទ្ធសាសនិក និងសាសនិកសាសនាដទៃទៀត មានឱកាសបានរស់នៅយ៉ាងសុខដុមជាមួយគ្នា ក្នុងសង្គមតែមួយ និងក្រោមដំបូលសុខសន្តិភាពរដ្ឋធម្មនុញ្ញតែមួយ។
សម្តេចក្រឡាហោម បានបន្តថា គោលនយោបាយនេះបានផ្តល់ឱកាសដល់ការរីកចម្រើនគួរឲ្យកត់សម្គាល់នៃគណៈធម្មយុត្តិកនិកាយ ក្នុងព្រះពុទ្ធសាសនាផង ព្រមទាំងបញ្រ្ជាបការអប់រំតាមព្រះពុទ្ធសាសនា ដល់ប្រជាពុទ្ធបរិស័ទផង ក្នុងការអប់រំ បណ្តុះគំនិតឲ្យប្រជាពុទ្ធបរិស័ទគ្រប់រូបមានគុណធម៌ សីលធម៌ សមធម៌ និងបរិយាបន្ន ក្នុងការរស់នៅ។ សម្តេចក្រឡាហោម បានថ្វាយនិងប្រគេនជូនពរ សម្តេចអភិសេរី ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ពិសេសថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនាទាំងអស់ សូមជួបតែព្រះពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ ៖ រដ្ឋា














អត្ថបទ រដ្ឋា