សេចក្ដីស្នើច្បាប់ចំណាយបន្ទាន់ដើម្បីផ្តល់ជំនួយសន្តិសុខថ្មីរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន និងអ៊ីស្រាអែលមួយ ត្រូវបានរារាំងនៅក្នុងព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃពុធ (០៦ ធ្នូ) ខណៈសមាជិកបក្សសាធារណរដ្ឋបានជំរុញការទាមទាររបស់ពួកគេសម្រាប់វិធានការតឹងរ៉ឹងដើម្បីគ្រប់គ្រងបញ្ហាអន្តោប្រវេសន៍នៅព្រំដែនសហរដ្ឋអាមេរិក ជាមួយម៉ិកស៊ិក។

ការបោះឆ្នោតនេះ គឺមានការគាំទ្រ ៤៩សំឡេងទល់នឹងការប្រឆាំង ៥១សំឡេង ដែលធ្វើឱ្យវិធានការចំណាយចំនួន ១១០,៥ពាន់លានដុល្លារ មិនអាចទទួលបានគ្រប់៦០សំឡេងដែលត្រូវការនៅក្នុងព្រឹទ្ធសភា ដែលមានសមាជិក១០០រូប ដើម្បីត្រួសត្រាយផ្លូវក្នុងការចាប់ផ្តើមការជជែកដេញដោលបាន ដែលនេះបានគំរាមកំហែងដល់ការជំរុញរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ក្នុងការផ្តល់ជំនួយថ្មីមុនដំណាច់ឆ្នាំ២០២៣។

ការបោះឆ្នោតនេះធ្វើឡើងតាមជួរគណបក្ស ដោយរាល់សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋបានបោះឆ្នោតប្រឆាំង រួមជាមួយលោកព្រឹទ្ធសមាជិក ប៊ឺនី សានដឺស៍ (Bernie Sanders) ជាអ្នកនយោបាយឯករាជ្យដែលជាទូទៅបោះឆ្នោតយល់ស្របជាមួយគណបក្សប្រជាធិបតេយ្យ ប៉ុន្តែបានសម្តែងការព្រួយបារម្ភអំពីការផ្តល់មូលនិធិដល់ «យុទ្ធសាស្ត្រយោធាអមនុស្សធម៌» របស់អ៊ីស្រាអែល នាពេលបច្ចុប្បន្នប្រឆាំងនឹងប៉ាឡេស្ទីន។
សមាជិកគណបក្សសាធារណរដ្ឋបាននិយាយថា វាជាការចាំបាច់ក្នុងការចាត់វិធានការសម្រាប់គោលនយោបាយអន្តោប្រវេសន៍កាន់តែតឹងរ៉ឹងជាងមុននិងការគ្រប់គ្រងព្រំដែនភាគខាងត្បូង។

បើទោះជាសំណើច្បាប់នេះឆ្លងផុតព្រឹទ្ធសភាក៏ដោយ ក៏វានៅតែចាំបាច់ត្រូវអនុម័តនៅក្នុងសភាតំណាងរាស្រ្ត ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ជាទីដែលអ្នកសាធារណរដ្ឋរាប់សិបនាក់បានបោះឆ្នោតប្រឆាំងនឹងជំនួយរបស់អ៊ុយក្រែន រួមទាំងប្រធានសភាអាមរិក លោក ម៉ៃ ចនសុន (Mike Johnson) ផងដែរ៕