ស្វីស៖ លោកប្រធានាធិបតីអាមេរិក Joe Biden បានធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវប្រទេសស្វីសកាលពីថ្ងៃអង្គារ សម្រាប់ជំនួបដំបូងរបស់លោកជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ជាជំនួបដែលខាងសេតវិមានសង្ឃឹមថា នឹងគូសបន្ទាត់ក្រហមឲ្យបានច្បាស់លាស់ ទប់ស្កាត់កុំឲ្យទំនាក់ទំនងដ៏ផុយស្រួយរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីធ្លាក់ចុះដុនដាបកាន់តែខ្លាំងថែមទៀត។

នៅពេលដែលត្រូវបានសួរថា តើលោកត្រៀមខ្លួនសម្រាប់ការប្រឈមដ៏តានតឹងនោះហើយ ឬនៅ? ប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រាប់អ្នកយកព័ត៌មាន ដោយទឹកមុខញញឹមថា “ខ្ញុំត្រៀមខ្លួនជានិច្ច”។ លោក Biden និងលោក Putin នឹងពិភាក្សាគ្នាជាច្រើនម៉ោងនៅថ្ងៃពុធនេះ នៅវីឡាមាត់បឹងដ៏ប្រណីតមួយក្នុងទីក្រុងហ្សឺណែវ ដែលជាការរំលឹកពីកិច្ចប្រជុំកំពូលសង្គ្រាមត្រជាក់រវាងប្រធានាធិបតីអាមេរិក Ronald Reagan និងមេដឹកនាំសូវៀត លោក Mikhail Gorbachev នៅទីក្រុងស្វីសកាលពីឆ្នាំ១៩៨៥។ កិច្ចពិភាក្សានៅវីឡា La Grange ត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមនៅម៉ោងប្រហែល ១រសៀលម៉ោងនៅស្វីស និងមានរយៈពេលរហូតដល់ ៥ម៉ោង៕
អត្ថបទ៖ សុខមាន