ថ្នាក់ដឹកនាំអតីតមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងមិត្តនគរបាលថ្មីជាង១០០នាក់ ដែលបម្រើការងារចាប់តាំងពីឆ្នាំ១៩៩៥-២០២៣នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀបចំពិធីគំរប់ខួប ២៨ឆ្នាំ ដើម្បីរំឮកអនុស្សាវរីយ៍ និងរឹតចំណងមិត្តភាព រវាងអតីតមន្ត្រីចាស់ និងបច្ចុប្បន្ន។
កម្មវិធីជួបជុំនេះក៏មានការអញ្ជើញចូលរួមពី ឧត្តមសេនីយ៍ឯក សុង លី អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ទោ យ៉ុំា ស៊ីងម៉ៅ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោក រៀម សារិន រួមទាំងអតីតមន្រ្តីនគរបាលព្រហ្មទណ្ឌ និងមន្រ្តីនគរបាលជាច្រើនទៀតផងដែរ។
លោកវរៈសេនីយ៍ត្រី ឌុច ដួងសេរីមករា បានថ្លែងថា ការរៀបចំឱ្យមានកម្មវិធីនេះឡើង ក្នុងគោលបំណង រំឮកអនុស្សាវរីយ៍ និងរឹតចំណងសាមគ្គី ក្នុងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រវាងបងប្អូនជំនាន់ក្រោយ និងរាមច្បងជំនាន់មុនៗ ដែលមួយចំនួនបានចូលនិវត្តន៍ មួយចំនួនផ្លាស់ទៅបម្រើការងារនៅអង្គភាពផ្សេងៗ និងរួមសុខទុក្ខជាមួយគ្នា និងជួយឧបត្ថម្ភតាមលទ្ធភាពដល់បងប្អូនណាដែលជួបនូវការលំបាកផ្សេងៗជាដើម។
លោកវរសេនីយ៍ត្រី ឌុច ដួងសេរីមករា បានបន្តថា ការរៀបចំកម្មវិធីនេះ គឺដើម្បីឱ្យអតីតមន្ត្រីនគរបាលចាស់ និងថ្មីដែលបានបែកគ្នាជាង២៨ឆ្នាំមកនេះ បានជួបជុំគ្នាប្រកបដោយក្តីនឹករលឹក និងសប្បាយរីករាយរាយជាមួយគ្នាផងដែរ។
ក្នុងឱកាសនោះដែរ តាងនាមឱ្យមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដែលបម្រើការងារចាប់ពីឆ្នាំ១៩៩៥-២០២៣មកនោះ លោកវរសេនីយ៍ត្រី ឌុច ដួងសេរីមករា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំអង្គពិធីដែលបានជួយឧបត្ថម្ភថវិកាមួយចំនួនជូនដល់មន្ត្រីនគរបាលរួមអាជីពដែលបានចូលនិវត្តន៍ចំនួនផងដែរ ដើម្បីទុកសម្រាប់យកទៅប្រើប្រាស់តាមតម្រូវការផ្សេងៗនោះ៕







