
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) កាលពីថ្ងៃពុធ (០៦ ធ្នូ) បានលើកយកមាត្រា៩៩ ដែលកម្រប្រើនៃធម្មនុញ្ញបង្កើតអង្គការសហប្រជាជាតិ ដើម្បីជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខបញ្ចៀសគ្រោះមហន្តរាយមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា នេះបើយោងតាមអ្នកនាំពាក្យរបស់លោក។
នៅក្នុងសកម្មភាពដ៏កម្រមួយ លោក Guterres បានសរសេរទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខ ដើម្បីទាមទារឱ្យមានចំណាត់ការ ដោយបានលើកយកមាត្រា៩៩ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ មកប្រើជាលើកដំបូងចាប់តាំងពីលោកបានក្លាយជាអគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងឆ្នាំ២០១៧មក ដោយបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទំហំនៃការបាត់បង់ជីវិតមនុស្សនៅក្នុងតំបន់ហ្កាហ្សា និងអ៊ីស្រាអែលក្នុងរយៈពេលដ៏ខ្លី។
លោក ស្តេហ្វាន ឌូហារីក (Stephane Dujarric) អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា «មាត្រា៩៩ ចែងថាអគ្គលេខាធិការអាចនាំយកបញ្ហាណាមួយដែលអាចគំរាមកំហែងដល់ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិទៅកាន់ក្រុមប្រឹក្សាសន្តិសុខ។ ក្នុងលិខិតនោះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានជំរុញឲ្យសមាជិកក្រុមប្រឹក្សាសន្តិសុខសង្កត់ធ្ងន់លើការបញ្ចៀសគ្រោះមហន្តរាយមនុស្សធម៌ ហើយលោកអំពាវនាវឱ្យមានការប្រកាសបទឈប់បាញ់មនុស្សធម៌»។
ប្រធានអង្គការសហប្រជាជាតិរូបនេះបានសរសេរនៅក្នុងលិខិតនោះថា សហគមន៍អន្តរជាតិមានទំនួលខុសត្រូវក្នុងការប្រើប្រាស់ឥទ្ធិពលទាំងអស់របស់ខ្លួន ដើម្បីទប់ស្កាត់ការកើនឡើងជម្លោះបន្ថែមទៀត និងបញ្ចប់វិបត្តិនេះ។ លោកបានរំលឹកឡើងវិញថា វាជារឿងបន្ទាន់ក្នុងការសង្គ្រោះជនស៊ីវិលពីគ្រោះថ្នាក់កាន់តែខ្លាំង ហើយបទឈប់បាញ់មនុស្សធម៌អាចស្ដារជីវិតមនុស្ស ហើយបង្កើតបរិយាកាសអំណោយផលសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលានៅទូទាំងតំបន់ហ្កាហ្សា៕