កំពង់ឆ្នាំង ៖ ឯកឧត្តម បណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ០២៣នេះ បានដឹកនាំក្រុមការងារបច្ចេកទេស និង ក្រុមការងាររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះពិនិត្យវាយតម្លៃ បញ្ចប់សុពលភាពនៃគម្រោងថែទាំផ្លូវ ក្រាលកៅស៊ូ និងផ្លូវក្រាលគ្រួសក្រហម ដែលអនុតវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង នៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ។
លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា នៅក្នុងផែនការប្រចាំឆ្នាំ២០២៣នេះ មន្ទីរអភិវឌ្ឍន៍បទទទួលបានគម្រោងថែទាំផ្លូវលំជនបទ ជាប្រចាំមានចំនួន២២ខ្សែ ក្នុងនោះផ្លូវកៅស៊ូប្រភេទDBST មានចំនួន៧ខ្សែ មានប្រវែង ៥២,៧៣ គីឡូម៉ែត្រ និង ផ្លូវក្រាលគ្រួសក្រហមមានចំនួន១៥ខ្សែ ដែលមានប្រវែង ១១៨,៨០គីឡូម៉ែត្រ ។ ការថែទាំផ្លូវកៅស៊ូ និង ផ្លូវក្រាលគ្រួសក្រហមនេះ ក្រុមការងារថែទាំបានធ្វើជាប្រចាំបានមើលថែជាប្រចាំតាមលក្ខណបច្ចេកទេស ដែលធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ និង ផ្លូវមានធន់មាំផងដែរ ។
ឯកឧត្តមបណ្ឌិចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍សំដែងនូវការ កោតសរសើរចំពោះក្រុមការងារថែទាំផ្លូវរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ដែលអនុវត្តន៍បានតាមកិច្ចសន្យានៃគម្រោង ថែទាំផ្លូវគ្រប់ដំណាក់កាល នៃកិច្ចសន្យាប្រកបដោយការទទួលខុសត្រូវខ្ពស់ ធានាបាននូវគុណភាពផ្លូវប្រើប្រាស់បានយូអង្វែង ។ ដើម្បីនូវការប្រើប្រាស់ផ្លូវបានយូអង្វែង ក្រសួងអភិវឌ្ឍន៍ជនបទ បានលើកគម្រោងស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ក្នុងការថែទាំផ្លូវ ដែលបានសាងសង់រួចហើយ ធ្វើការថែទាំជាប្រចាំដើម្បីកាត់បន្ថយការខូចខាតរបស់ផ្លូវ ព្រោះបើគ្មានការថែទាំនោះទេផ្លូវដែលបានសាងសង់រួច ហើយនោះនឹងឆាប់ខូចខាតទៅវិញ ហើយនឹងត្រូវចំណាយការជួសជុលច្រើនជាងកាថែទាំងជាប្រចាំ ។
ឯកឧត្តម បានបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជម្រុញឱ្យកាន់តែមានការអភិឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច តាមរយៈនៃការស្ថាបនានូវហេដ្ឋារចនាសម្ព័ន្ធនៅជនបទឱ្យកាន់តែប្រសើរឡើង ធ្វើអោយផ្លូវនៅជនបទបានតភ្ជាប់គ្នា ប្រជាពលមានភាពងាយស្រួលក្នុងការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយទៀតបានយ៉ាងឆាប់រហ័ស ៕ ដោយ ៖ កាំង ហុងវាស្នា









