
នគរបាលកូរ៉េខាងត្បូងកំពុងស៊ើបអង្កេតថា តើក្រុមចោរព័ត៌មានវិទ្យារបស់កូរ៉េខាងជើង ដែលត្រូវបានចោទប្រកាន់ថាបានលួចទិន្នន័យពីអង្គភាពចំនួន១៤ស្ថាប័ន បានទទួលព័ត៌មានស្តីពីបច្ចេកវិទ្យាការពារជាតិ រួមទាំងអាវុធឡាស៊ែរប្រឆាំងយន្តហោះដែរឬយ៉ាងណា នេះបើយោងតាមមន្ត្រីនគរបាលទីក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃពុធ (០៦ ធ្នូ)។
លោក ជឹង ជីនហូ (Jeong Jin-ho) ប្រធានក្រុមភ្នាក់ងារនគរបាលក្រុងសេអ៊ូល ដែលកំពុងស៊ើបអង្កេតករណីនេះបានប្រាប់សារព័ត៌មានរ៉យទ័រថា ការស៊ើបអង្កេតដែលកំពុងត្រូវបានអនុវត្តដោយសហការជាមួយការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) កំពុងព្យាយាមកំណត់ពីទំហំនៃទិន្នន័យដែលទទួលបានដោយក្រុមចោរព័ត៌មានវិទ្យាដែលគេស្គាល់ថាឈ្មោះ អានដារៀល (Andariel)។
ក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៩ បានចុះបញ្ជីឈ្មោះក្រុមអានដារៀល នេះថាជាក្រុមលួចចោរព័ត៌មានវិទ្យាគាំទ្រដោយរដ្ឋកូរ៉េខាងជើង ដែលផ្តោតលើប្រតិបត្តិការអ៊ីនធឺណិតដែលមានគំនិតអាក្រក់លើអាជីវកម្មបរទេស ទីភ្នាក់ងាររដ្ឋាភិបាល និងឧស្សាហកម្មការពារជាតិ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅសប្តាហ៍នេះថា ទិន្នន័យដែលក្រុមនោះលួចបានរួមមានអាថ៌កំបាំងការពារជាតិកូរ៉េខាងត្បូងសំខាន់ៗ។
សេចក្តីថ្លែងការណ៍របស់នគរបាលបាននិយាយថា អង្គភាពឧក្រិដ្ឋកម្មអ៊ីនធឺណិតនោះ បានកំណត់គោលដៅលើក្រុមហ៊ុនការពារជាតិកូរ៉េខាងត្បូង វិទ្យាស្ថានស្រាវជ្រាវ និងក្រុមហ៊ុនឱសថ ហើយឯកសារចំនួន២៥០ច្បាប់ ឬស្មើនឹង ១,២ តេរ៉ាបៃស៍ (terabytes) នៃព័ត៌មាន និងទិន្នន័យត្រូវបានលួចដោយពួកចោរព័ត៌មានវិទ្យាទាំងនោះ៕