
ប្រភពរដ្ឋាភិបាល បាននិយាយកាលពីថ្ងៃពុធ (០៦ ធ្នូ) ថា ប្រទេសអ៊ីតាលីបានជូនដំណឹងជាផ្លូវការថា ខ្លួននឹងចាកចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិនដោយច្រានចោលការភ័យខ្លាចថាវិធានការនេះអាចធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជូរចត់ និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអ៊ីតាលី។
ប្រទេសអ៊ីតាលី កាលពីឆ្នាំ២០១៩ បានក្លាយជាប្រទេសលោកខាងលិចដ៏សំខាន់ដំបូងគេ ដែលបានចូលរួមក្នុងកម្មវិធីពាណិជ្ជកម្ម និងការវិនិយោគនេះ ដោយបានព្រងើយកន្តើយនឹងការព្រមានពីសហរដ្ឋអាមេរិកថា វាអាចអនុញ្ញាតឱ្យចិនគ្រប់គ្រងលើបច្ចេកវិទ្យាដ៏រសើប និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី ជីអូចា មេឡូនី (Giorgia Meloni) ឡើងកាន់តំណែងកាលពីឆ្នាំមុន លោកស្រីបាននិយាយថា ចង់ដកខ្លួនចេញពីកិច្ចព្រមព្រៀងដែលត្រូវបានគ្រប់គ្រងដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) មួយនេះ ដោយនិយាយថាវាមិនបាននាំមកនូវផលប្រយោជន៍អ្វីច្រើនដល់ប្រទេសអ៊ីតាលីនោះទេ។
កិច្ចព្រមព្រៀងឆ្នាំ២០១៩នេះ ផុតកំណត់នៅខែមីនា ឆ្នាំ២០២៤ ហើយប្រភពរដ្ឋាភិបាលអ៊ីតាលីបាននិយាយថាទីក្រុងរ៉ូម បានផ្ញើលិខិតមួយ «ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ» ប្រាប់ដល់ប្រទេសចិនថាខ្លួននឹងមិនបន្តកិច្ចព្រមព្រៀងនេះទេ ហើយមិនមានការអត្ថាធិប្បាយភ្លាមៗពីប្រទេសចិនឡើយ៕