
នៅតាមដងផ្លូវនៃទីក្រុងគីវ កាលពីថ្ងៃពុធ (០៦ ធ្នូ) អ្នកស្រុកបាននិយាយថា ពួកគេមានការព្រួយបារម្ភ និងមានអារម្មណ៍ឈឺចាប់ពីការពន្យារពេលជំនួយយោធារបស់លោកខាងលិច។
ភាពមិនច្បាស់លាស់នៅតែមានចំពោះអនាគតនៃកញ្ចប់ជំនួយ ៦០ពាន់លានដុល្លារដែលកំពុងត្រូវបានពិភាក្សានៅក្នុងសភាសហរដ្ឋអាមេរិក ដែលបានជាប់គាំងជាច្រើនសប្តាហ៍។
អ្នកស្រុកម្នាក់បាននិយាយថា «និយាយឱ្យត្រង់ទៅ ខ្ញុំខ្លាចថា ប្រសិនបើអ៊ុយក្រែន មិនទទួលបានជំនួយ សង្គ្រាមនឹងអូសបន្លាយកាន់តែយូរទៅៗ ហើយវានឹងពិបាកក្នុងការនិយាយថាតើសង្រ្គាមនេះអាចបញ្ចប់នៅពេលណា»។
ទីក្រុងគីវ បានពឹងផ្អែកយ៉ាងខ្លាំងលើជំនួយពីសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនប្រឆាំងនឹងកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់របស់រុស្ស៊ី នៅក្នុងសង្គ្រាមដ៏ធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២មក ដែលឥឡូវនេះស្ថិតនៅក្នុងខែទី២២ របស់ខ្លួន។ កញ្ចប់ជំនួយយោធារបស់សហភាពអឺរ៉ុបដែលបានស្នើឡើងក៏កំពុងជួបប្រទះការតស៊ូពីសមាជិកមួយចំនួននៃប្លុកនេះផងដែរ។
កាលពីថ្ងៃអង្គារ (០៥ ធ្នូ) លោកប្រធានាធិបតីអ៊ុយក្រែន Zelenskiy បានលុបចោលផែនការក្នុងការថ្លែងទៅកាន់សមាជិកសភាសហរដ្ឋអាមេរិក ដើម្បីអំពាវនាវដោយផ្ទាល់សម្រាប់ជំនួយ ខណៈសភាកំពុងឈ្លោះប្រកែកគ្នាលើការទាមទាររបស់គណបក្សសាធារណរដ្ឋដើម្បីភ្ជាប់ជំនួយនេះទៅនឹងការកែប្រែគោលនយោបាយអន្តោប្រវេសន៍ និងព្រំដែនរបស់សហរដ្ឋអាមេរិក៕