
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ធនាគារកណ្តាលរបស់សហភាពមីយ៉ាន់ម៉ា នឹងលែងកំណត់អត្រាប្តូរប្រាក់ សម្រាប់រូបិយប័ណ្ណបរទេសទៀតហើយ ហើយនឹងអនុញ្ញាតឲ្យធនាគារ និងអ្នកជួញដូរសម្រេចអត្រាការប្រាក់ដោយផ្ទាល់ខ្លួន ដែលជាការបន្ធូរបន្ថយដ៏កម្រនៃការគ្រប់គ្រងការប្ដូររូបិយប័ណ្ណបរទេសដ៏តឹងតែងរបស់ខ្លួន។
ដោយសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា ស្ថិតក្នុងសភាពយ៉ាប់យ៉ឺន បន្ទាប់ពីមានរដ្ឋប្រហារឆ្នាំ២០២១ និងទុនបំរុងបរទេសស្ថិតនៅក្រោមសម្ពាធ អាជ្ញាធរបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីទប់ស្កាត់តម្រូវការរូបិយប័ណ្ណបរទេស ខណៈពេលដែលមានការបង្ក្រាបលើការជួញដូរទីផ្សារងងឹត និងដកហូតអាជ្ញាប័ណ្ណប្តូរប្រាក់ជាង ១៤០អាជ្ញាប័ណ្ណ នៅឆ្នាំនេះ។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលយោធា នៅថ្ងៃព្រហស្បតិ៍ទី៧ ខែធ្នូ បាននិយាយថា ច្បាប់ត្រូវបានបន្ធូរបន្ថយដើម្បី«បង្កើនការនាំចេញនិងលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច»។ កាលពីខែកក្កដាឆ្នាំនេះ អ្នកនាំពាក្យរូបនេះ បាននិយាយថា មីយ៉ាន់ម៉ាមាន «ទុនបម្រុងរូបិយប័ណ្ណបរទេសគ្រប់គ្រាន់»។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ពីការផ្លាស់ប្តូរច្បាប់លើការគ្រប់គ្រងការប្ដូររូបិយប័ណ្ណបរទេសនេះ កាលពីថ្ងៃពុធ (ទី៦ ខែធ្នូ)។
ក្រោមការគ្រប់គ្រងរបស់របបយោធា ធនាគារកណ្តាលបានងាកចេញពីប្រព័ន្ធអត្រាប្តូរប្រាក់អណ្តែត (ប្រែប្រួល) ដែលត្រូវបានគ្រប់គ្រងឆ្ពោះទៅរកការពឹងផ្អែកលើការគ្រប់គ្រងរដ្ឋបាល ក្នុងនោះរួមទាំងការតម្រូវឲ្យបណ្ដាក្រុមហ៊ុននានាបោះបង់ការប្តូររូបិយប័ណ្ណបរទេស និងរាយការណ៍អំពីការជួញដូររូបិយប័ណ្ណ។
ក្រុមហ៊ុននាំចេញមួយចំនួន ត្រូវបានតម្រូវឲ្យបំប្លែងប្រាក់ចំណូលពីប្រាក់ដុល្លារទៅជាប្រាក់គីយ៉ាត ក្នុងអត្រាផ្លូវការកំណត់ដោយធនាគារកណ្តាល ដែលកាលពីខែសីហាបានបញ្ជាឲ្យបណ្ដាក្រសួង និងរដ្ឋបាលមូលដ្ឋាននានាកុំប្រើប្រាស់រូបិយប័ណ្ណបរទេស សម្រាប់ប្រតិបត្តិការក្នុងស្រុក ដើម្បីបន្ធូរបន្ថយសម្ពាធលើអង្គភាព ក្នុងស្រុក៕