
ផ្សែងអ័ព្ទពុលបានគ្របដណ្ដប់ទីក្រុងឡាហ័រ (Lahore) របស់ប៉ាគីស្ថាន ដែលត្រូវបានគេស្គាល់ជាប្រវត្តិសាស្ត្រថាជាទីក្រុងមានសួនច្បារច្រើន អស់ជាច្រើនសប្តាហ៍។ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ផ្នែកកុមារនៃមន្ទីរពេទ្យរដ្ឋ ក្រុងឡាហ័រ ឪពុកម្តាយដែលកាន់កូនឈឺតម្រង់ជួរសម្រាប់ទទួលបានការព្យាបាលក្នុងសប្តាហ៍នេះ ជាផ្នែកមួយនៃកំណើនអ្នកជំងឺវ័យក្មេងដែលបណ្តាលមកពីវិបត្តិកង្វក់ខ្យល់នៅក្នុងទីក្រុងមានប្រជាជនច្រើនជាងគេទីពីររបស់ប្រទេសប៉ាគីស្ថាន។
ក្រុមមន្ត្រីសុខាភិបាលបានប៉ាន់ប្រមាណថា យ៉ាងហោចណាស់មានការកើនឡើងចំនួន ៥០% ចំពោះអ្នកជំងឺកុមារ ដោយសារតែបញ្ហាផ្លូវដង្ហើមកាន់តែធ្ងន់ធ្ងរឡើងបណ្ដាលមកពីគុណភាពខ្យល់មិនល្អកាលពីខែមុន។ ទីក្រុងដែលមានប្រជាជនចំនួន ១១លាននាក់ និងត្រូវបានចាត់ទុកថាជារដ្ឋធានីវប្បធម៌នៃប្រទេសប៉ាគីស្ថាននេះ ត្រូវបានគ្របដណ្តប់ដោយអ័ព្ទដ៏ក្រាស់ដែលរារាំងផ្នែកខ្លះនៃពន្លឺព្រះអាទិត្យនិងបង្កជាផ្សែងអ័ព្ទតាមផ្លូវនៅពេលយប់។
បញ្ហានេះកាន់តែធ្ងន់ធ្ងរនៅក្នុងខែត្រជាក់ ដោយសារការបញ្ច្រាសសីតុណ្ហភាពរារាំងស្រទាប់នៃខ្យល់ក្តៅមិនឱ្យកើនឡើង និងហ៊ុមព័ទ្ធការបំពុលឱ្យកាន់តែជិតស្រទាប់ដី។ នៅពេលដែលសីតុណ្ហភាពកាន់តែត្រជាក់នៅក្នុងខែវិច្ឆិកា កម្រិតគុណភាពខ្យល់មិនល្អបានកើនឡើង។
រយៈពេល ២៤ថ្ងៃក្នុង ៣០ថ្ងៃចុងក្រោយនេះមានគុណភាពខ្យល់កម្រិត «គ្រោះថ្នាក់» ឬ «មិនល្អខ្លាំងណាស់» នេះបើយោងតាមក្រុមតាមដានគុណភាពខ្យល់ស្វីស IQAir ។ ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិនិយាយថា ការបំពុលបរិយាកាសខាងក្រៅជាសកលបានរួមចំណែកដល់ការស្លាប់របស់កុមារ ១៥៤.០០០នាក់ ដែលមានអាយុក្រោម ៥ឆ្នាំក្នុងឆ្នាំ២០១៩។
នៅក្នុងប្រទេសប៉ាគីស្ថាន កង្វក់ខ្យល់គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុចម្បងទាំងប្រាំនៃការស្លាប់ក្នុងចំណោមប្រជាជនទាំងមូល ហើយកុមារតូចៗនិងមនុស្សចាស់ត្រូវបានរងផលប៉ះពាល់ខ្លាំងបំផុត៕