ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មនៅថ្ងៃទី៧ ខែធ្នូនេះ បានបង្ហាញរូបភាព «បង្កងតាកែវ» ចិញ្ចឹមតាមបែបធម្មជាតិ តម្លៃត្រឹមតែពាក់ណ្តាល និងមានរសជាតិឆ្ញាញ់ប្រហាក់ប្រហែលនឹងបង្កងធម្មជាតិ។
លោកបានឱ្យដឹងថា បងប្អូនម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងនៅទីនេះ ប្រមាណ២០គ្រួសារ ចាប់អារម្មណ៍ចង់ចងក្រងគ្នាជាសហគមន៍។
លោកបញ្ជាក់ថា សហគមន៍កសិកម្មទំនើប ដែលមានកសិករជាសមាជិករួមគ្នាធ្វើផលិតកម្ម និងរួមគ្នាគ្រប់គ្រងតាមបែបសហគ្រាសសេដ្ឋកិច្ច ហើយដែលមានវិសាលភាពធំគ្រប់គ្រាន់ ដើម្បីទទួលបានផលចំណេញពីសេដ្ឋកិច្ចមាត្រដ្ឋាន នឹងជួយបង្កើនភាពប្រកួតប្រជែងនៃការចិញ្ចឹមបង្កងតាមបែបធម្មជាតិនៅទីនេះ ព្រមទាំងអាចប្រែក្លាយសហគមន៍នេះឱ្យទៅជាកសិដ្ឋានដ៏រឹងមាំមួយបាន។
លោកថ្លែងថា៖«សង្ឃឹមថាថ្ងៃណាមួយ យើងនឹងមានកសិដ្ឋានចិញ្ចឹមបង្កងធម្មជាតិដ៏ធំមួយនៅទីនេះ ជំរុញការធ្វើវារីវប្បកម្មប្រកបដោយនិរន្តភាព និងកាត់បន្ថយសម្ពាធពីការពឹងផ្អែកលើការនេសាទធនធានធម្មជាតិ»៕ ដោយ ៖ ដារា





