
ប្រទេសអូស្ត្រាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសប៉ាពួញូវហ្គីណេ នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែធ្នូ) នេះ ដោយពង្រឹងទំនាក់ទំនងជាមួយរដ្ឋប៉ាស៊ីហ្វិកមួយនេះ ដែលតែងត្រូវបានប្រទេសចិនតាមអន្ទងចិត្តជាប់ជានិច្ច។
ទីក្រុងកង់បេរ៉ាបានជំរុញឲ្យមានសន្ធិសញ្ញាសំខាន់បន្ថែមទៀតនៅដើមឆ្នាំនេះ ប៉ុន្តែប៉ាពួញូវហ្គីណេ បានបង្ហាញភាពរារែកដោយសារតែមេដឹកនាំភ័យខ្លាចថា កិច្ចព្រមព្រៀងនោះធ្វើឲ្យខូចដល់ «សិទ្ធិអធិបតេយ្យភាព»របស់ប្រទេស។ សម្ព័ន្ធមិត្តអូស្ត្រាលី និងសហរដ្ឋអាមេរិក កំពុងមានជម្លោះការទូត ក្នុងការពង្រឹងទំនាក់ទំនង នៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង។
ប្រទេសទាំងនោះត្រូវបានធ្វើឲ្យភ្ញាក់ផ្អើលភ្លាមៗ កាលពីខែមេសាឆ្នាំមុន នៅពេលប្រជុំកោះសូឡូម៉ុន ដែលជាប្រទេសជិតខាងភាគខាងកើតរបស់ប៉ាពួញូវហ្គីណេ បានចុះហត្ថលេខាលើកិច្ចសន្យាសន្តិសុខសម្ងាត់ជាមួយប្រទេសចិន។
កិច្ចព្រមព្រៀងសង្គ្រោះរបស់អូស្ត្រាលី ផ្តោតលើសន្តិសុខក្នុងស្រុករបស់ប៉ាពួញូវហ្គីណេ ខណៈនគរបាលកំពុងប្រឹងប្រែងទប់ស្កាត់ការជួញដូរអាវុធ ការរត់ពន្ធគ្រឿងញៀន និងអំពើហិង្សាកុលសម្ព័ន្ធ។ នាយករដ្ឋមន្ត្រីប៉ាពួញូវហ្គីណេ លោក James Marape បាននិយាយថា កិច្ចព្រមព្រៀងនេះគ្របដណ្តប់លើ «វិសាលគមនៃសន្តិសុខ» ដោយក្នុងនោះរួមទាំងការល្បាត និងការគាំទ្រដល់ប្រព័ន្ធច្បាប់របស់ប្រទេស។ ចំណែកនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា ខ្លួននឹងលើកកម្ពស់ «ស្ថិរភាពក្នុងតំបន់» នៅប៉ាស៊ីហ្វិក៕