
ប្រេសិតថាមពលអាមេរិក លោក Amos Hochstein បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកមិនគិតថា ក្តីសង្ឃឹមគួរត្រូវបានបាត់បង់ទាក់ទងនឹងការធ្វើមានប្រក្រតីភាពទំនាក់ទំនងរវាងអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីស្រាអែលនោះទេ ហើយវានៅតែជាគោលដៅសម្រាប់ប្រទេសរបស់លោក បើទោះបីជាសង្រ្គាម កំពុងបន្តនៅតំបន់ហ្កាហ្សាក៏ដោយ។
ប្រភពដែលដឹងពីគំនិតរបស់ទីក្រុងរីយ៉ាដ បានប្រាប់សារព័ត៌មានរ៉យទ័រ ជិតពីរខែកន្លងទៅថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានដាក់ផែនការដែលគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យមានប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែលឡើងវិញ នៅពេលដែលសង្រ្គាមរវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងកងកម្លាំងអ៊ីស្រាអែល បានកើនឡើង។
អ៊ីស្រាអែល បានបញ្ចេញយុទ្ធនាការយោធារបស់ខ្លួនជាការឆ្លើយតបទៅនឹងការលុកលុយដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមយុទ្ធជនហាម៉ាស ដែលបានវាយលុកតាមទីក្រុងរបស់ខ្លួន ដោយបានសម្លាប់មនុស្ស ១,២០០នាក់ និងចាប់ចំណាប់ថ្នូរចំនួន ២៤០នាក់ នេះបើយោងតាមចំនួនសរុបរបស់ប្រទេសអ៊ីស្រាអែល។
ប្រទេសនេះ បានផ្តោតការសងសឹករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដោយទម្លាក់គ្រាប់បែកពីលើអាកាស ធ្វើការឡោមព័ទ្ធ និងបើកការវាយលុកដី។ ក្រសួងសុខាភិបាលហ្កាហ្សា និយាយថា រហូតមកទល់ពេលនេះ មនុស្សជាង ១៦.០០០ នាក់ ត្រូវបានសម្លាប់ ក្នុងដែនដីដែលមានប្រជាជនចំនួន ២,៣ លាននាក់ រស់នៅ។