
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) បានប្រាប់ក្រុមមេដឹកនាំ G7 នៅក្នុងកិច្ចប្រជុំកំពូលតាមអ៊ីនធឺណិតថា អ៊ុយក្រែន គ្រោងនឹងធ្វើសេចក្តីសម្រេចចិត្តជាសំខាន់ត្រួសត្រាយផ្លូវសម្រាប់ការចរចាស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុប នៅចុងឆ្នាំនេះ។
លោក បានបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់អ៊ុយក្រែន ដើម្បីទទួលបាន«ភ្លើងខៀវ» សម្រាប់ដំណើរការនេះ។
លោកបានថ្លែងថា ការតស៊ូដែលកំពុងបន្ត ធ្វើឲ្យជោគវាសនារបស់អ៊ុយក្រែនបានល្អប្រសើរ និងឈានដល់លក្ខខណ្ឌរបស់អឺរ៉ុបកាន់តែទូលំទូលាយ នោះហើយជាមូលហេតុដែលយើងកំពុងស្វែងរក «ភ្លើងខៀវ» ពីសហភាពអឺរ៉ុប ដោយយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ដើម្បីចាប់ផ្តើមការចរចាចូលជាសមាជិក។
លោកហ្សេឡិនស្គី បានប្តេជ្ញាអនុវត្តកំណែទម្រង់ចាំបាច់ទាំងអស់ នៅចុងឆ្នាំនេះ ជាពិសេសការចង្អុលបង្ហាញអំពីវិធានការប្រឆាំងអំពើពុករលួយ។ លោកបានបញ្ជាក់ថា អ៊ុយក្រែន បានប្រកាន់ខ្ជាប់នូវអនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC) ហើយបានសន្យាថា រាល់ការសម្រេចចិត្តដែលបានសន្យា នឹងត្រូវបានអនុវត្តមុនឆ្នាំ២០២៤។