
បណ្ដាមន្ត្រី និងអ្នកជំនាញជាច្រើន បាននិយាយថា ដោយសារកង្វល់ពីបញ្ហាសន្តិសុខ និងនយោបាយ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កំពុងផ្តោតលើការប្រយុទ្ធប្រឆាំងនឹងការបំបែកខ្លួនរបស់ក្រុមសាសនា Sikh ទោះបីជាមានការគាំទ្រតិចតួច ក្នុងចំណោមក្រុមអ្នកកាន់សាសនាតូចៗរបស់ប្រទេសនេះក៏ដោយ។
ចលនាទាមទារឲ្យមានមាតុភូមិរបស់សាសនា Sikh នៅភាគខាងជើងប្រទេសឥណ្ឌា ដែលត្រូវបានបរាជ័យជាច្រើនទសវត្សរ៍កន្លងទៅ បានផ្ទុះឡើងនៅលើឆាកអន្តរជាតិក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលសហរដ្ឋអាមេរិក និងកាណាដា បានចោទប្រកាន់មន្ត្រីឥណ្ឌាពីការជាប់ពាក់ព័ន្ធ ក្នុងផែនការធ្វើឃាតលើមេដឹកនាំផ្តាច់ខ្លួនសាសនា Sikh នៅអាមេរិកខាងជើង។
ទីក្រុងញូវដែលីបានបដិសេធពីការជាប់ពាក់ព័ន្ធណាមួយទៅនឹងឃាតកម្ម កាលពីខែមិថុនា នៅតំបន់ជាយក្រុង Vancouver របស់ប្រទេសកាណាដា ប៉ុន្តែបានប្រកាសពីការស៊ើបអង្កេតលើការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពីការរៀបគម្រោងការ ដែលត្រូវបានចោទប្រកាន់ នៅទីក្រុងញូវយ៉ក។ អ្នកនាំពាក្យរបស់ប្រទេសឥណ្ឌា និយាយថា ផែនការបែបនេះមិនមែនជាគោលនយោបាយរបស់រដ្ឋាភិបាលនោះទេ ហើយថា មិនមានការតាមប្រមាញ់ក្រុមអ្នកបំបែកខ្លួនសាសនា Sikh នៅបរទេសនោះឡើយ។
ជម្លោះការទូតរវាងទីក្រុងញូវដែលីជាមួយទីក្រុងវ៉ាស៊ីនតោន និងអូតាវ៉ា បង្ហាញពីតួនាទីដ៏ធំធេង ដែលក្រុមអ្នកបំបែកខ្លួនសាសនា Sikh មានលើទិដ្ឋភាពនយោបាយរបស់រដ្ឋាភិបាលជាតិនិយមសាសនាហិណ្ឌូរបស់លោក Modi ដែលស្ថិតក្នុងជំហរដ៏រឹងមាំ ក្នុងការទទួលបានជ័យជម្នះការបោះឆ្នោតជាតិ នាឆ្នាំក្រោយ។
មន្ត្រីសន្តិសុខឥណ្ឌានិយាយថា ពួកគេត្រូវតែបង្ក្រាបនូវអ្វីដែលពួកគេហៅថា ទំនាក់ទំនងរបស់ក្រុមអ្នកកាន់សាសនា Sikh ទៅនឹងអំពើឧក្រិដ្ឋកម្ម នៅក្រៅប្រទេស ដែលត្រូវបានភ្ជាប់ទៅនឹងតំបន់កំណើតរបស់ក្រុមសាសនា Sikh នៅរដ្ឋ Punjab។ អ្នកជាតិនិយមរបស់សាសនា Sikh បដិសេធការអះអាងនោះ ដោយនិយាយថា លោក Modi កំពុងព្យាយាមបំផ្លាញភាពជាអ្នកដឹកនាំរបស់ពួកគេ និងប្រមូលការគាំទ្រខាងសាសនាហិណ្ឌូរបស់លោក៕