
កងកម្លាំងអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធថា ពួកគេបានឡោមព័ទ្ធផ្ទះរបស់មេដឹកនាំក្រុមជីវពលហាម៉ាស់ ពេលដែលពួកគេធ្វើសង្រ្គាមជាមួយក្រុមជីវពលប៉ាឡេស្ទីនមួយនេះនៅភាគខាងត្បូងទីក្រុងធំបំផុត Khan Younis របស់តំបន់ហ្គាហ្សា ។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃល្ងាចថ្ងៃពុធ យោធាអ៊ីស្រាអែល និយាយថា ទាហានរបស់ពួកគេ បានវាយឆ្មក់តំបន់ភាគកណ្តាលទីក្រុង Khan Younis ជាលើកដំបូង ។
ពួកគេបានបញ្ចេញរូបភាពវីដេអូឃ្លីបផងដែរ ឃើញប្រតិបត្តិការសឹករបស់ពួកគេនៅទីនោះ បើទោះបីជាទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យយ៉ាងណាក៏ដោយលើពេលវេលា ឬទីតាំងដែលវីដេអូនេះថតបាន ។
នៅក្នុងសារជាវីដេអូ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានឡោមព័ទ្ធផ្ទះរបស់មេដឹកនាំក្រុមហាម៉ាស់លោក Yahya Al-Sinwar នៅក្នុងទីក្រុង Khan Younis ។
លោកនិយាយថា ផ្ទះរបស់គាត់អាចមិនមែនជាបន្ទាយរបស់គាត់ ហើយគាត់អាចនឹងរត់គេចចេញ ប៉ុន្តែមិនយូរមិនឆាប់នោះទេ ពួកយើងនឹងចាប់គាត់បាន ។
ខណៈពេលនោះដែរ ស្ថានភាពកាន់តែលំបាកទៅសម្រាប់ជនស៊ីវិល ។
ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា និយាយថា មនុស្សជាង ១៦.០០០នាក់ បានស្លាប់នៅក្នុងសង្រ្គាមមួយនេះ ស្របពេលដេលក្រុមគ្រូពេទ្យក្នុងស្រុកនិយាយថា មន្ទីរពេទ្យពោពេញដោយអ្នកស្លាប់ និងអ្នករងរបួស ៕