
ការស៊ើបអង្កេតរបស់អង្គការលើកលែងទោសអន្តរជាតិ បានចោទប្រកាន់ថា ប្រព័ន្ធណែនាំផ្លូវអាវុធដែល ផលិតដោយអាមេរិក ត្រូវបានប្រើនៅក្នុងការវាយប្រហារតាមអាកាសចំនួនពីររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា នៅក្នុងខែតុលា ដែលក្នុងនោះ ជនស៊ីវិលចំនួន៤៣នាក់ ត្រូវបានគេនិយាយថា ត្រូវបានសម្លាប់។
បំណែកនៃប្រព័ន្ធនាំផ្លូវគ្រាប់បែកវាយប្រហារដោយផ្ទាល់រួមគ្នា(JDAM) ដែលផលិតដោយអាមេរិក ត្រូវបានរកឃើញ នៅក្នុងគំនរបាក់បែកនៃផ្ទះដែលត្រូវបានបំផ្លាញ នៅក្នុងសង្កាត់ Deir al-Balah នៅកណ្តាលតំបន់ហ្កាហ្សា នេះបើយោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃអង្គារដោយអង្គការសិទ្ធិមនុស្ស។
អ៊ីស្រាអែល ប្រើប្រាស់អាវុធ និងគ្រាប់បែកជាច្រើនប្រភេទរបស់អាមេរិក ប៉ុន្តែរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ គឺជាកិច្ចប្រឹងប្រែងលើកដំបូងមួយ ក្នុងការភ្ជាប់អាវុធដែលផលិតដោយអាមេរិកទៅនឹងការវាយប្រហារជាក់លាក់មួយ ដែលបានបណ្តាលឲ្យជនស៊ីវិលស្លាប់យ៉ាងច្រើន។