
កាលពីថ្ងៃពុធម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានអង្វរក្រុមសាធារណរដ្ឋឲ្យផ្តល់ជំនួយយោធាថ្មីដល់អ៊ុយក្រែន ហើយនិងមិនត្រូវឲ្យលោក Putinឈ្នះជាដាច់ខាត ដោយលោកបានប្រមានថា ជ័យជំនះរបស់រុស្ស៊ីលើអ៊ុយក្រែន នឹងធ្វើឲ្យទីក្រុងម៉ូស្គូ ស្ថិតនៅលើទីតាំងមួយក្នុងការវាយប្រហារសម្ព័ន្ធមិត្តរបស់អង្គការណាតូ ។
លោក Bidenបានថ្លែងបែបនេះ ពេលដែលសហរដ្ឋអាមេរិក គ្រោងនឹងប្រកាសជំនួយ ១៧៥លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន ។
លោកនិយាយថា បើសិនជាលោក Putinដណ្តើមបានអ៊ុយក្រែន គាត់នឹងមិនឈប់ត្រឹមហ្នឹងនោះទេ ។ លោក Putinនឹងវាយប្រហារសម្ព័ន្ធមិត្តអង្គការណាតូ ដល់ពេលនោះទាហានអាមេរិក នឹងធ្វើសង្រ្គាមជាមួយទាហានរុស្ស៊ី ពោលគឺពួកយើងមិនត្រូវបណ្តោយឲ្យលោក Putinឈ្នះជាដាច់ខាត ។
គួរឲ្យដឹងថា សេតវិមានបានព្រមាននៅក្នុងសប្តាហ៍នេះថា សហដ្ឋអាមេរិកនឹងអស់ពេល និងថវិកា ដើម្បីជួយអ៊ុយក្រែនទប់ទល់នឹងការវាយលុករបស់រុស្ស៊ី ។
លោកស្រី Shalanda Young គឺជាប្រធានថវិកាសហដ្ឋអាមេរិក បាននិយាយនៅក្នុងសប្តាហ៍នេះថា កាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានប្រើប្រាស់អស់ ៩៧ភាគនៃការផ្តល់ហិរញ្ញប្បទានបន្ថែម ៦២,៣ពាន់លានដុល្លារដែលពួកគេទទួលបាន ហើយក្រសួងការបរទេសបានប្រើប្រាស់អស់ការផ្តល់ជំនួយយោធា ៤,៧ពាន់លានដុល្លារដែលត្រូវបានគេបែងចែកឲ្យ ៕