ហេតុការណ៍បាញ់ប្រហារតាមដងផ្លូវក្នុងតំបន់ផ្សារទំនើបនៅកណ្តាលទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកកាលពីយប់ថ្ងៃពុធ បណ្តាលឲ្យមនុស្ស ៤នាក់ រងរបួស ។ នេះបើយោងតាមការអះអាងរបស់ក្រុមនគរបាលរដ្ឋធានីប្រទេសបែលហ្ស៊ីមួយនេះ ។
អ្នកស្រី Ilse Van de Keere គឺជាអ្នកនាំពាក្យនគរបាលទីក្រុងព្រុចសែល និយាយថា ខ្មាន់កាំភ្លើង បានចាកចេញពីកន្លែងកើតហេតុនៅពេលដែលក្រុមនគរបាលទៅដល់ ក្រោយទទួលបានការហៅទូរស័ព្ទនៅវេលាម៉ោង ៧ និង ៣០នាទីយប់ ។
អ្នកស្រីបន្តថា មកទល់នឹងពេលនេះ គ្មានភស្តុតាងដែលធ្វើឲ្យពួកយើងគិតថា វាគឺជាអំពើភេរវកម្មនោះទេ ។ អ្នករងរបួសម្នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
ដោយឡែក អភិបាលខណ្ឌ Ixelles លោក Christos Doulkeridis និយាយថា ករណីបាញ់ប្រហារនេះ គឺជាផ្នែកមួយនៃសេនារីយោក្រុមឧក្រិដ្ឋជន ហើយប្រភពតុលាការមួយចំនួន បញ្ជាក់ថា វាអាចពាក់ព័ន្ធនឹងករណីគ្រឿងញៀន ។
ហេតុការណ៍បាញ់ប្រហារនេះដែរ បានកើតឡើងលើរុក្ខវិថី de la Toison d’Or ដែលជាផ្លូវពាណិជ្ជកម្មដ៏មមាញឹក នៅជិតផ្លូវឆ្លងកាត់ដែលសម្បូរដោយហាងលក់សម្លៀកបំពាក់ ៕