
បណ្តាញសារព័ត៌មាន Al Jazeera ដែលមានមូលដ្ឋាននៅប្រទេសកាតា បាននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល កាលពីថ្ងៃពុធ បានសម្លាប់សាច់ញាតិ ២២នាក់របស់អ្នកឆ្លើយឆ្លងព័ត៌មានរបស់ខ្លួននៅតំបន់ហ្កាហ្សា លោក Moamen Al-Sharafi ហើយបានថ្កោលទោសប្រតិបត្តិការនេះ។
បណ្តាញសារព័ត៌មាននេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងនៅឯជំរុំ Jabalia ជាកន្លែងដែលគ្រួសាររបស់លោក Moamen ស្វែងរកកន្លែងជ្រកកោន ដែលបានបណ្តាលឲ្យឪពុក ម្តាយ បងប្អូនបីនាក់ និងកូនរបស់គាត់ ស្លាប់»។
អ្នកកាសែតដែលនៅកន្លែងផ្សេងក្នុងអំឡុងពេលការទម្លាក់គ្រាប់បែកនោះ ក្រោយមក បានបង្ហាញខ្លួនផ្ទាល់តាមទូរទស្សន៍ Al Jazeera។ ជនរងគ្រោះ រួមមានសមាជិក១៧នាក់ផ្សេងទៀតនៃគ្រួសាររបស់គាត់។
បណ្តាញសារព័ត៌មាននេះ បានឲ្យដឹងថា ខ្លួននឹងបន្តគ្រប់ជំហានផ្លូវច្បាប់ ដើម្បីចាប់អ្នកដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មនេះ ឲ្យទទួលខុសត្រូវ។