
មន្ត្រីបាននិយាយថា ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ បានបាញ់ប្រហារបណ្ដាលឲ្យសិស្សរួមម្នាក់ស្លាប់ និងកុមារ ៥នាក់ផ្សេងទៀតរងរបួស នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែធ្នូ) នេះ មុនពេលរូបគេធ្វើអត្តឃាត នៅឯសាលារៀនមួយក្នុងទីក្រុង Bryansk របស់ប្រទេសរុស្ស៊ី។
គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យោងតាមទិន្នន័យស៊ើបអង្កេតបឋម បានបង្ហាញថា ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ បានយកកាំភ្លើងខ្យល់មួយដើមទៅសាលារៀន ដែលនាងបានបាញ់ទៅលើមិត្តរួមថ្នាក់របស់នាង»។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា អ្នកស៊ើបអង្កេតកំពុងធ្វើការ ដើម្បីឲ្យប្រាកដលើហេតុផលជំរុញចិត្ត ដែលនាំឲ្យមានការបាញ់ប្រហារនេះ។ អភិបាលតំបន់ លោក Alexander Bogomaz បានហៅហរតុការណ៍បាញ់ប្រហារនេះថា ជា «សោកនាដកម្មដ៏គួរឲ្យរន្ធត់»។ លោកបានបន្ថែមថា អ្នករបួសទាំង ៥នាក់ សុទ្ធតែជាកុមារ ដែលរងរបួសស្រាល ឬមធ្យម។
ជាធម្មតា កាំភ្លើងត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង នៅរុស្ស៊ី ប៉ុន្តែទីក្រុង Bryansk គឺជាតំបន់មួយ ក្នុងចំណោមតំបន់ភាគខាងត្បូងជាច្រើន ដែលបានឃើញនូវការវាយប្រហារឆ្លងព្រំដែន អំឡុងសង្រ្គាមជាមួយអ៊ុយក្រែន ហើយជាកន្លែង ដែលទីក្រុងមូស្គូ បានលើកទឹកចិត្តដល់ការបង្កើតអង្គភាពការពារស្វ័យការពារ។
ប្រទេសរុស្ស៊ីបានជួបប្រទះនូវការបាញ់ប្រហារនៅតាមសាលាជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងឆ្នាំ២០១៨ សិស្សអាយុ ១៨ឆ្នាំម្នាក់ បានសម្លាប់មនុស្ស ២០នាក់ ដែលភាគច្រើនជាសិស្សរួមថ្នាក់ នៅក្នុងការបាញ់ប្រហារដ៏ធំ នៅមហាវិទ្យាល័យមួយ ក្នុងតំបន់គ្រៀមា ដែលគ្រប់គ្រងដោយរុស្ស៊ី និងដែលទីក្រុងម៉ូស្គូ បានដណ្តើមយកពីអ៊ុយក្រែន ក្នុងឆ្នាំ២០១៤៕