
នៅថ្ងៃព្រហស្បតិ៍នេះ អ៊ីស្រាអែល បានប្រយុទ្ធគ្នាជាមួយក្រុមជីវពលហាម៉ាស់នៅទីក្រុងធំបំផុត Khan Younis ក្នុងតំបន់ហ្គាហ្សា ហើយពួកគេបាននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារលើគោលដៅរាប់សិបកន្លែង ធ្វើឲ្យជនប៉ាឡេស្ទីនពិបាករស់រាន នៅក្នុងស្ថានភាពមួយដែលអង្គការសហប្រជាជាតិ(UN)ចាត់ទុកថាជាការបំផ្លិចបំផ្លាញទាំងស្រុង ។
ការផ្ទុះគ្រាប់ជាច្រើន ត្រូវបានមើលឃើញនៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប ពីតំបន់ភាគខាងត្បូងអ៊ីស្រាអែល ហើយសំណុំផ្សែងបានផុសពីលើអគារបាក់បែកនៅក្នុងដែនដីបិទច្រកប៉ាឡេស្ទីនមួយនេះ ។
ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា និយាយថា មនុស្ស ១៦.០១៥នាក់ បានស្លាប់ ក្នុងនោះរួមទាំងមនុស្សស្លាប់ ៤៣នាក់នៅក្នុងមន្ទីរពេទ្យមួយកន្លែងកាលពីថ្ងៃអង្គារ និងមនុស្សស្លាប់ ៧៣នាក់ផ្សេងទៀត កាលពីថ្ងៃពុធ ។
អ៊ីស្រាអែល បានបើកយុទ្ធនាការយោធារបស់ខ្លួន ដើម្បីឆ្លើយតបនឹងការវាយប្រហារដ៏គួរភ្ញាក់ផ្អើលកាលពីថ្ងៃទី ៧ ខែតុលា របស់ក្រុមជីវពលហាម៉ាស់ ដែលបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរជាង ២៤០នាក់ទៅកាន់តំបន់ហ្គាហ្សា ៕