
នាយករដ្ឋមន្ត្រីអង់គ្លេស ដែលមានចរិតមិនសូវចុះញ៉ម គឺលោក Rishi Sunak នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែធ្នូ) បានអំពាវនាវទៅកាន់គណបក្សអភិរក្សនិយម ដែលកំពុងកាន់អំណាចរបស់លោកឲ្យរួបរួមគ្នាគាំទ្រផែនការរបស់លោក ក្នុងការបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់ប្រទេសរ្វ៉ាន់ដា ដោយព្រមានសហសេវិកថា ប្រសិនបើលោកធ្វើការរឹតបន្តឹងបន្ថែមទៀតនោះ គម្រោងទាំងមូលអាចនឹងដួលរលំ។
លោក Sunak កំពុងប្រឈមនឹងបញ្ហាដ៏ធំបំផុត ចំពោះការកាន់តំណែងរយៈពេល ១ឆ្នាំរបស់លោក ខណៈដែលលោកព្យាយាមរារាំងសមាជិកសភាក្រុមស្ដាំនិយមរបស់គណបក្សអភិរក្សនិយម កុំឲ្យមានការបះបោរ ជុំវិញការទាមទាររបស់ពួកគេដែលថា ចក្រភពអង់គ្លេសគួរតែចេញពីសន្ធិសញ្ញាអន្តរជាតិ ដើម្បីកំណត់គោលនយោបាយទេសន្តរប្រវេសន៍ផ្ទាល់ខ្លួន។
នៅឯសន្និសិទសារព័ត៌មាន នៅវិមាន Downing Street លោក Sunak បាននិយាយថា ប្រសិនបើរដ្ឋាភិបាលបន្តមិនគោរពច្បាប់សិទ្ធិមនុស្ស តាមច្បាប់ចែងទេនោះ ប្រទេសរ្វ៉ាន់ដា នឹងបោះបង់ចោលកិច្ចព្រមព្រៀងនេះ ដែលនឹងឃើញតែចំនួនជនអន្តោប្រវេសន៍តិចតួច ដែលមកដល់ដោយទូក ត្រូវបាននិរទេសទៅកាន់ប្រទេសអាហ្វ្រិក។
រដ្ឋមន្ត្រីអន្តោប្រវេសន៍ លោក Robert Jenrick បានលាលែងពីតំណែង កាលពីថ្ងៃពុធ (ទី៦ ខែធ្នូ) ហើយលោក Sunak កំពុងប្រឈមនឹងសំណួរពាក់ព័ន្ធថា តើលោកអាចទទួលបានគោលនយោបាយសំខាន់របស់លោក តាមរយៈការបោះឆ្នោតនៅក្នុងសភាដែរ ឬទេ។ សមាជិកសភាអភិរក្សនិយមមួយចំនួន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោក Sunak អាចជួបនឹងបញ្ហាប្រឈមជុំវិញភាពជាអ្នកដឹកនាំ៕