កងកម្លាំងអ៊ីស្រាអែលបានប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសនៅក្នុងទីក្រុងធំបំផុតរបស់តំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី ៧ខែធ្នូ ដែលបណ្តាលឱ្យជនជាតិប៉ាឡេស្ទីនរាប់រយនាក់ទៀតបានស្លាប់ ខណៈពលរដ្ឋហ្កាហ្សាជិត ២ លាននាក់បានចល័តទីលំនៅ តស៊ូស្វែងរកទីជម្រកសុវត្ថិភាពស្របពេលមានការកង្វះខាតស្បៀងអាហារ និងទីជម្រកយ៉ាងធ្ងន់ធ្ងរ។
អ្នកស្រុកបានរាយការណ៍ថាការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានកើតឡើងនៅភាគខាងកើតទីក្រុងខាន យូនីស(Khan Younis)ដែលជាទីក្រុងធំជាងគេនៅហ្កាហ្សាភាគខាងត្បូង ហើយក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ពលរដ្ឋហ្កាហ្សា បីនាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះមួយនៅទីក្រុងឌៀ អាល់ បាឡា(Deir Al-Balah)នៅតំបន់ហ្កាហ្សាភាគកណ្តាល។
អ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួនបានសម្លាប់ខ្មាន់កាំភ្លើងជាច្រើននាក់នៅក្នុងទីក្រុង Khan Younis រួមទាំងពីរនាក់ដែលបានបាញ់ប្រហារចេញពីផ្លូវក្រោមដីមួយ។
ទូរទស្សន៍អ៊ីស្រាអែលបានបង្ហាញវីដេអូដែលសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យពីអ្វីដែលខ្លួនបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានចាប់ខ្លួនក្រុមយុទ្ធជនហាម៉ាសមួយចំនួនដោយបានដោះសម្លៀកបំពាក់ អង្គុយឱនក្បាលចុះនៅតាមផ្លូវក្នុងក្រុងទីក្រុងហ្កាហ្សា។
ប្រជាជនប៉ាឡេស្ទីនមួយចំនួនបានទទួលស្គាល់សាច់ញាតិ និងបានបដិសេធថាពួកគេពុំមានទំនាក់ទំនងជាមួយក្រុមហាម៉ាស ឬក្រុមផ្សេងទៀតទេ។
កងកម្លាំងអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធថា ពួកគេបានឡោមព័ទ្ធផ្ទះមួយកន្លែងរបស់មេដឹកនាំក្រុមហាម៉ាស ខណៈពួកគេកំពុងជាប់ដៃប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅកណ្ដាលទីក្រុងធំបំផុតរបស់តំបន់ហ្កាហ្សាភាគខាងត្បូង៕


