ប្រធានទទួលបន្ទុកការផ្ដល់ជំនួយរបស់អង្គការសហប្រជាជាតិ លោក ម៉ាទីន គ្រីហ្វីតស៍ (Martin Griffiths)បាននិយាយថា ច្រកឆ្លងកាត់ ការឹមអាប៊ូ សាឡឹម (Karem Abu Salem) ដែលត្រូវបានគេស្គាល់ថា ឃេរឹម ហ្សាឡូម (Kerem Shalom) នៅក្នុងប្រទេសអ៊ីស្រាអែល ដែលស្ថិតនៅរវាងអ៊ីស្រាអែល និងហ្កាហ្សា អាចនឹងបើកក្នុងពេលឆាប់ៗនេះ ដើម្បីអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌បន្ថែមទៀតទៅកាន់ដែនដីប៉ាឡេស្ទីនដែលហែកហួរដោយសង្រ្គាម។
លោកគ្រីហ្វីតស៍ បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃព្រហស្បតិ៍ថា យើងនៅតែកំពុងចរចារនៅឡើយ។ មានក្ដីសង្ឃឹមច្រើនថាច្រកឆ្លងកាត់ព្រំដែននេះអាចនឹងបើកក្នុងពេលឆាប់ៗនេះ។
លោកបាននិយាយថា ជំនួយបច្ចុប្បន្នកំពុងបញ្ជូនទៅកាន់តំបន់ហ្កាហ្សា តាមរយៈច្រក Rafah នៅតាមព្រំដែនអេហ្ស៊ីប។ការបើកច្រក ការឹម អាប៊ូ សាឡឹម (Karem Abu Salem) នឹងក្លាយជាអព្ភូតហេតុដំបូងដែលយើងបានឃើញរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ប៉ុន្តែក៏នឹងជាការជំរុញដ៏ធំដល់ដំណើរការដឹកជញ្ជូនភស្តុភារ និងមូលដ្ឋានដឹកជញ្ជូននៃប្រតិបត្តិការមនុស្សធម៌។
ប្រធានជំនួយរបស់អង្គការសហប្រជាជាតិរូបនេះ បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ជំនួយដែលត្រូវផ្តល់ឱ្យប្រកបដោយនិរន្តរភាព និងរបៀបរៀបរយជាងមុន។ លោកបាននិយាយថា យើងមិនមានប្រតិបត្តិការមនុស្សធម៌នៅភាគខាងត្បូងតំបន់ហ្កាហ្សា ដែលអាចត្រូវបានហៅឈ្មោះនោះបានទៀតទេ។
ប្រជាជនប៉ាឡេស្ទីនប្រហែល ១,៨ លាននាក់កំពុងរស់នៅក្នុងតំបន់ហ្កាហ្សាភាគខាងត្បូងបន្ទាប់ពីមានបញ្ជាពីយោធាអ៊ីស្រាអែលឱ្យចាកចេញពីភាគខាងជើងនៃតំបន់រងការឡោមព័ទ្ធមួយនេះកាលពីពាក់កណ្តាលខែតុលាកន្លងទៅ៕

