សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អះអាងថា រាជរដ្ឋាភិបាលនឹងបន្តខិតខំអភិវឌ្ឍន៍តំបន់រុនតាឯក ដែលស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ពោលគឺនឹងប្រែក្លាយឲ្យទៅជាក្រុងរុនតាឯកតែម្តង។

ថ្លែងនៅក្នុងឱកាសអញ្ជើញក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់រុនតាឯក នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រោយប្រើរយៈពេលជាងប្រាំរយថ្ងៃតំបន់រុនតាឯក បានក្លាយទៅជាតំបន់អភិវឌ្ឍន៍យ៉ាងច្រើន ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ និងវត្តជាដើម ហើយរាជរដ្ឋាភិបាលប្តេជ្ញាចិត្តនឹងខិតខំអភិវឌ្ឈន៍តំបន់នេះ ឲ្យកាន់តែរីកចម្រើនក្លាំងក្លាបន្ថែមទៀត ដោយមិនថមថយនោះឡើយ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលរួមគ្នាអភិវឌ្ឍន៍ជាតិជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងសម័យបច្ចុប្បន្ន និងទៅអនាគត ប៉ុន្តែក៏មិនអាចភ្លេចបានឡើយនូវបុព្វហេតុក្នុងការអភិរក្សនូវកេរដំណែលរបស់ដូនតាផងដែរ ហើយសម្តេចក៏បានប្រកាសថ្លែងអំណរគុណចំពោះបងប្អូន ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តមករស់នៅតំបន់រុនតាឯកនេះផងដែរ ដើម្បីកុំឲ្យមានផលប៉ះពាល់ដល់ក្នុង បរិវេណរមណីយដ្ឋានអង្គរនោះ៕អត្ថបទបាន ចក់