ប្រភពដែលដឹងពីការពិភាក្សាលើជំនួយអ៊ុយក្រែនបាននិយាយថា រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន កំពុងពិចារណាពន្យារពេលវិធានការរឹតបន្តឹងថ្មីលើអ្នកដែលអាចស្វែងរកសិទ្ធិជ្រកកោន និងបង្កើនដំណើរការនិរទេសបន្ថែម ដើម្បីទទួលបានជំនួយថ្មីសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល នៅក្នុងសំណើច្បាប់ផ្តល់មូលនិធិបន្ថែម។
សេតវិមាន និងសភាអាមេរិក កំពុងប្រជែងគ្នាធ្វើកិច្ចព្រមព្រៀងមួយ ដែលនឹងផ្តល់ជំនួយយោធាដល់ប្រទេសសម្ព័ន្ធមិត្តទាំងពីរ ខណៈព្យាយាមលុបបំបាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក រយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះរហូតដល់សមាជិកសភាឈប់សម្រាកបុណ្យណូអែល។

ប្រភពដែលដឹងអំពីបញ្ហានេះបានប្រាប់សារព័ត៌មានរ៉យទ័រ ដោយសុំមិនបញ្ចេញឈ្មោះថា សេតវិមាននឹងបើកចំហក្នុងការបង្កើនស្តង់ដារសម្រាប់ការពិនិត្យសិទ្ធិជ្រកកោនដំបូង។ ប្រភពបានបន្តថា រដ្ឋបាលលោកប្រធានាធិបតី បៃដិន ក៏នឹងផ្តល់ទម្រង់មួយចំនួនដូចជា «ប្រទេសទីបីមានសុវត្ថិភាព» ដែលនឹងបដិសេធផ្ដល់សិទ្ធិជ្រកកោនដល់ជនអន្តោប្រវេសន៍ឆ្លងកាត់ប្រទេសមួយផ្សេងទៀតហើយកំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។
ចំណុចនៃលទ្ធភាពកិច្ចព្រមព្រៀងមួយទៀតអាចជាការពង្រីកដំណើរការនិរទេសដែលមានល្បឿនលឿនដោយគេស្គាល់ថាជា «ការបណ្ដេញចេញរយៈពេលលឿន»។ ប្រភពដដែលបានបន្ថែមថា ក្រុមអាជ្ញាធរនឹងត្រូវបន្ថែមការងារនៅទូទាំងប្រទេសជំនួសឲ្យការអនុវត្តបច្ចុប្បន្នរបស់ខ្លួននៅតាមព្រំដែន៕

