លោកអតីតប្រធានាធិបតី Donald Trump បានវិលត្រលប់ទៅកាន់បន្ទប់សវនាការនៅទីក្រុង New York វិញកាលពីថ្ងៃព្រហស្បតិ៍សម្រាប់ការជំនំជម្រះក្ដីបណ្តឹងរដ្ឋប្បវេណី ករណីក្លែងបន្លំឯកសារដែលកំពុងបន្តរបស់លោក ជាទីដែលក្រុមមេធាវីការពារក្តីរបស់លោកបានព្យាយាមបញ្ចុះបញ្ចូលចៅក្រមថាក្រុមហ៊ុនគ្រួសាររបស់លោក ពុំបានក្លែងបន្លំលើការបំប៉ោងតម្លៃទ្រព្យរបស់ខ្លួនដើម្បីទទួលបានប្រាក់កម្ចីហិរញ្ញវត្ថុកាន់តែច្រើននោះឡើយ។

នៅពេលរូបលោកចេញពីបន្ទប់សវនាការ បេក្ខជននាំមុខសម្រាប់ការតែងតាំងប្រកួតប្រជែងតំណែងប្រធានាធិបតីមកពីសាធារណរដ្ឋឆ្នាំ ២០២៤ រូបនេះ បានបង្ហាញយុទ្ធសាស្ត្រដែលធ្លាប់ស្គាល់ ដោយនិយាយថារដ្ឋអាជ្ញារបស់រដ្ឋ ដែលបាននាំយកករណីនេះ គឺជាអ្នកដែលបានប្រព្រឹត្តការក្លែងបន្លំទៅវិញទេ មិនមែនជារូបលោកនោះទេ។
រដ្ឋអាជ្ញាបានប្រព្រឹត្តការក្លែងបន្លំ។ អ្នកទើបតែឃើញនៅទីនោះ។លោកស្រីជាជនបោកប្រាស់។ ករណីទាំងមូលនេះគឺជាការក្លែងបន្លំ។នេះជាការជ្រៀតជ្រែកការបោះឆ្នោត។តុលាការនេះកំពុងឃាត់លោកឲ្យនៅទីនេះមិនឲ្យលោកទៅកាន់រដ្ឋអាយអូវ៉ា(Iowa)និងរដ្ឋញូវ ហែមស៊ៀ(New Hampshire)។

រដ្ឋអាជ្ញាទីក្រុង New York លោកស្រី ឡេស្ហា ចែមស៍ (Lettia James) កំពុងព្យាយាមផាកពិន័យចំនួន ២៥០ លានដុល្លារ និងការហាមប្រាមលោក Trump មិនឲ្យធ្វើអាជីវកម្មអចលនទ្រព្យពាណិជ្ជកម្ម។
ចៅក្រមដែលកំពុងឃ្លាំមើលការកាត់ក្តីនេះ បានសម្រេចរួចហើយថាលោក Trump និងកូនប្រុសពេញវ័យរបស់លោកបានរៀបចំរបាយការណ៍ហិរញ្ញវត្ថុដើម្បីបោកប្រាស់ធនាគារ និងក្រុមអ្នកធានាក្នុងការផ្តល់ប្រាក់កម្ចី និងលក្ខខណ្ឌធានារ៉ាប់រងដ៏សមស្រប។
ក្រុមមេធាវីការពារក្តីរបស់លោក Trump បានហៅធនាគារិក និងអ្នកផ្សេងទៀតដែលធ្វើជំនួញជាមួយអង្គការ Trump ដើម្បីធ្វើសក្ខីកម្មថាពួកគេពុំបានពឹងផ្អែកលើការវាយតម្លៃរបស់លោក Trump ក្នុងការសម្រេចចិត្តផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនរបស់លោកនោះទេ។ កាលពីថ្ងៃព្រហស្បតិ៍ សាស្ត្រាចារ្យផ្នែកគណនេយ្យនៃសាកលវិទ្យាល័យញូវយ៉ក ដែលមិនធ្វើការឱ្យក្រុមហ៊ុនរបស់លោក Trump បានផ្តល់សក្ខីកម្មថាលោកបានរកឃើញថាក្រុមហ៊ុនអតីតប្រធានាធិបតីរូបនេះ បានធ្វើឱ្យមានកំហុសគណនេយ្យនៅក្នុងការវាយតម្លៃមួយ ប៉ុន្តែលោកថា លោកពុំបានឃើញភ័ស្តុតាងណាមួយនៃការក្លែងបន្លំគណនេយ្យនោះទេ៕