រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែល ត្រូវតែ«ធ្វើសកម្មភាពឲ្យខុសគ្នា» នៅតំបន់ហ្កាហ្សាភាគខាងត្បូង ចំពោះរបៀបដែលខ្លួនបានធ្វើ នៅក្នុងយុទ្ធនាការខ្សែត្រៀមជួរមុខ នៅភាគខាងជើង។

លោករដ្ឋមន្ត្រីការបរទេសរូបនេះ បានថ្លែងប្រាប់សារព័ត៌មាន CNN ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា ទាំងអង់គ្លេស និងសហរដ្ឋអាមេរិក នឹងបន្តសង្កត់ធ្ងន់លើតម្រូវការការពារជីវិតជនស៊ីវិលចំពោះអ៊ីស្រាអែល។
នៅក្នុងការអត្ថាធិប្បាយដែលឆ្លុះបញ្ចាំងពីជំហររបស់លោកខាងលិចដ៏តឹងរ៉ឹងលើចំនួនអ្នកស្លាប់នៃសង្គ្រាម រយៈពេលពីរខែរបស់អ៊ីស្រាអែលលើក្រុមសកម្មប្រយុទ្ធហាម៉ាស លោក Cameron បាននិយាយថា៖«ទីបំផុត សន្តិសុខរយៈពេលវែងរបស់អ៊ីស្រាអែល មិនត្រឹមតែពឹងផ្អែកទៅលើកម្លាំងប្រដាប់អាវុធរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងទៅលើការធ្វើឲ្យប្រជាជនប៉ាឡេស្ទីន អាចរស់នៅដោយសន្តិភាព និងសន្តិសុខផង ដែរ។

របាយការណ៍ដែលបានចេញពីក្រុងហ្ស៊េរុយសាឡឹម កាលពីយប់ថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា លោក អង់តូនី ប្ល៊ីនខិន អ្នកការទូតជាន់ខ្ពស់របស់អាមេរិក បានថ្លែងប្រាប់មន្ត្រីអ៊ីស្រាអែលថា ក្រុងវ៉ាស៊ីនតោន រំពឹងថា អ៊ីស្រាអែល នឹងបញ្ចប់ការវាយលុករបស់ខ្លួន នៅតំបន់ហ្កាហ្សា ក្នុងខែក្រោយនេះ។
យោងសារព័ត៌មាន The Times បានឲ្យដឹងថា លោកប្ល៊ីនខិន បានបង្ហាញពីការព្រួយបារម្ភអំពីចំនួនអ្នកស្លាប់កើនឡើងដល់រដ្ឋាភិបាលរបស់លោកណេតានីយ៉ាហ៊ូ ហើយបាននិយាយថា លោក បៃដិន រំពឹងថា សង្រ្គាម នឹងបញ្ចប់ ក្នុងរយៈពេលបីខែ បន្ទាប់ពីវា បានចាប់ផ្តើម។