នាយកប្រតិបត្តិ ក្រុមហ៊ុនបណ្ដាញសង្គម X លោកស្រី លីនដា យ៉ាការីណូ (Linda Yaccarino) បាននិយាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ថាមនុស្សជាង ១០ លាននាក់បានចុះឈ្មោះប្រើប្រាស់បណ្ដាញសង្គម X នៅក្នុងខែធ្នូនេះ ។

យោងតាមសារព័ត៌មាន the New York Times ការប្រកាសនេះកើតឡើងនៅពេលក្រុមហ៊ុនដែលកន្លងទៅ ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុន Twitter ប្រឈមនឹងការបាត់បង់ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មចំនួន ៧៥លានដុល្លារនៅចុងឆ្នាំនេះ ខណៈក្រុមហ៊ុនល្បីៗធំៗ ផ្អាកយុទ្ធនាការទីផ្សាររបស់ពួកគេនៅលើវេទិកានេះ ។
ក្រុមហ៊ុន X ដែលពុំបានបញ្ចេញទិន្នន័យអ្នកប្រើប្រាស់ជាប្រចាំ មិនអាចទាក់ទងភ្លាមៗ ដើម្បីសុំការអត្ថាធិប្បាយអំពីរបៀបដែលការចុះឈ្មោះនៅខែធ្នូធៀបនឹងកម្រិតមធ្យម ឬមូលហេតុដែល លោកស្រីYaccarino បង្ហាញតួលេខនោះទេ។

ម្ចាស់ក្រុមហ៊ុនបណ្ដាញសង្គមយក្ស គឺលោក មហាសេដ្ឋី ElonMusk បាននិយាយកាលពីខែកក្កដា ថាបណ្ដាញសង្គមមួយនេះមានអ្នកប្រើប្រាស់ប្រចាំខែចំនួន ៥៤០ លាននាក់។ ក្រុមហ៊ុនជាច្រើនរួមទាំង Apple, Disney, Warner Bros Discovery, Comcast, Lions Gate Entertainment, Paramount Global និង IBM បាននិយាយកាលពីខែវិច្ឆិកាថា ពួកគេបានផ្អាកការព្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួនគេនៅលើបណ្ដាញសង្គម X ។
លោក Musk បានរិះគន់បណ្ដាក្រុមហ៊ុនផ្សាយពាណិជ្ជកម្មដែលបានចាកចេញពីវេទិកាបន្ទាប់ពីលោកបានយល់ព្រមជាមួយអ្នកប្រើប្រាស់ដែលអះអាងខុសថា ជនជាតិជ្វីហ្វកំពុងបង្កឱ្យមានការស្អប់ខ្ពើមប្រឆាំងនឹងជនជាតិស្បែកស។

របាយការណ៍ពីក្រុមឃ្លាំមើលបណ្ដាញទំនាក់ទំនងសង្គម Media Matters បានរកឃើញការផ្សាយពាណិជ្ជកម្មពីក្រុមហ៊ុនធំៗនៅជាប់នឹងសារបង្ហោះសង្គម X ដែលគាំទ្ររបបណាស៊ី។ក្រុមហ៊ុននេះបានដាក់ពាក្យប្ដឹងកាលពីចុងខែវិច្ឆិកាប្រឆាំង នឹងក្រុមឃ្លាំមើល Media Matters នេះ ដោយចោទប្រកាន់ពីបទបរិហារកេរ្តិ៍៕