នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានទីក្រុង Beirut ថា ទីក្រុងនេះនឹងត្រូវបំផ្លាញឲ្យដូចជាតំបន់ហ្កាហ្សា ប្រសិនបើក្រុមហេសបូឡា ដែលមានមូលដ្ឋាននៅប្រទេសលីបង់ ចាប់ផ្តើមសង្រ្គាម។

លោក Netanyahu បាននិយាយក្នុងអំឡុងពេលដំណើរទស្សនកិច្ចសួរសុខទុក្ខកងទ័ពនៅព្រំដែនប្រទេសលីបង់ថា ប្រសិនបើក្រុមហេសបូឡា ជ្រើសរើសក្នុងការចាប់ផ្តើមសង្គ្រាមគ្រប់ជ្រុងជ្រោយ នោះក្រុមនេះខ្លួនឯងនឹងប្រែក្លាយទីក្រុង Beirut និងលីបង់ភាគខាងត្បូង មិនឆ្ងាយពីទីនេះទេនឹងក្លាយទៅដូចជាតំបន់ហ្កាហ្សា និងទីក្រុង Khan Younis។

លោក Netanyahu និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោកYoav Gallant អមដំណើរដោយនាយសេនាធិការ លោក Herzi Halevi ត្រូវបានផ្តល់របាយការណ៍សង្ខេបនៅទីបញ្ជាការភាគខាងជើងរបស់កងទ័ពអ៊ីស្រាអែល ជាកន្លែងដែលលោកបានជួបជាមួយមន្ត្រីបុគ្គលិក និងទាហានផ្សេងទៀត។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីស្រាអែល Kan បាននិយាយថា កាលពីពេលព្រឹក ការវាយប្រហារដោយមីស៊ីលតម្រង់គោលដៅពីប្រទេសលីបង់ បានសម្លាប់កសិករអាយុ ៦០ឆ្នាំម្នាក់ នៅភាគខាងជើងប្រទេស អ៊ីស្រាអែល ។