ប្រទេសអូស្ត្រាលី បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុន អវកាស Hanwha របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីទទួលបានយានយន្តប្រយុទ្ធថ្មើរជើង Redbackចំនួន១២៩គ្រឿងនៅឆ្នាំ២០២៨ ក្នុងកិច្ចព្រមព្រៀងមានតម្លៃ ៣,១៦សែនកោដិ៍វ៉ុន ឬ ២,៤ ពាន់លានដុល្លារ។

ការចុះហត្ថលេខានេះ ធ្វើឡើងបន្ទាប់ពីប្រទេសអូស្ត្រាលីកាលពីខែកក្កដា បានជ្រើសរើសក្រុមហ៊ុន Hanwha ជាអ្នកដេញថ្លៃដ៏ពេញចិត្តសម្រាប់គម្រោងដែលមានតម្លៃសរុបរហូតដល់ ៤,៦២ ពាន់លានដុល្លារ ដែលបង្ហាញនូវអ្វីដែលប្រទេសនេះបាននិយាយថា គឺជាការវិនិយោគធំបំផុតតែមួយគត់ នៅក្នុងសមត្ថភាពកងទ័ព មកដល់បច្ចុប្បន្ននេះ។

ឧបនាយករដ្ឋមន្ត្រី លោក Richard Marles បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុង Geelong ថា យានយន្តទាំងនោះនឹងមានតួយ៉ាងធំធេងក្នុងការធ្វើឲ្យប្រសើរឡើងសមត្ថភាពរបស់កងកម្លាំងការពារជាតិអូស្ត្រាលី។
ក្រសួងការពារជាតិរបស់ប្រទេសអូស្ត្រាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គម្រោងនេះត្រូវបានគេរំពឹងថានឹងគាំទ្រដល់ការងារប្រហែល ២.១០០ រួមទាំងការងារផ្ទាល់ចំនួន ១.៨០០ ដោយយានយន្តដំបូងនឹងត្រូវដឹកជញ្ជូននៅឆ្នាំ២០២៧។