មេដឹកនាំព្រឹទ្ធសភាសហរដ្ឋអាមេរិក បានប្តេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ថា នឹងបន្តព្យាយាមដើម្បីឲ្យឈានដល់កិច្ចព្រមព្រៀងមួយ ក្នុងការផ្តល់ជំនួយសន្តិសុខថ្មីរាប់ពាន់លានដុល្លារដល់ប្រទេសអ៊ុយក្រែន ប៉ុន្តែបានប្រឈមមុខភាពមិនច្បាស់លាស់អំពីការធ្វើដូច្នេះ ភ្លាមៗបន្ទាប់ពីសមាជិកគណបក្សសាធារណរដ្ឋបានរារាំងសេចក្តីស្នើច្បាប់ផ្តល់ជំនួយសន្តិសុខបរទេសដ៏ទូលំទូលាយ។
សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ បានបោះឆ្នោតជាឯកច្ឆ័ន្ទកាលពីថ្ងៃពុធ ដើម្បីរារាំងសេចក្តីស្នើច្បាប់ចំណាយបន្ទាន់ ក្នុងការផ្តល់មូលនិធិចំនួន ១១០,៥ ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងតម្រូវការសន្តិសុខផ្សេងៗទៀត ដើម្បីជំរុញតម្រូវការរបស់ពួកគេសម្រាប់ការគ្រប់គ្រងបន្ថែមទៀតនៃការធ្វើអន្តោប្រវេសន៍តាមព្រំដែនសហរដ្ឋអាមេរិកជាមួយប្រទេសម៉ិកស៊ិក។ លទ្ធផល ដែលត្រូវបានរំពឹងទុក បានគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ក្នុងការផ្តល់ជំនួយថ្មីនៅមុនដំណាច់ឆ្នាំ ២០២៣។

បញ្ហានេះ បានកើតឡើងបន្ទាប់ពីសមាជិកគណបក្សប្រជាធិបតេយ្យ និងសមាជិកគណបក្សសាធារណរដ្ឋ បានចរចាគ្នាជាច្រើនសប្តាហ៍ ដើម្បីបន្ថែមការផ្លាស់ប្តូរគោលនយោបាយអន្តោប្រវេសន៍ទៅក្នុងសេចក្តីស្នើច្បាប់សន្តិសុខ ក្នុងការទទួលបានសំឡេងឆ្នោតពីគណបក្សសាធារណរដ្ឋគ្រប់គ្រាន់ ដើម្បីអនុម័ត។ នាយកទទួលបន្ទុកថវិការបស់សហរដ្ឋអាមេរិក លោក Shalanda Young បាននិយាយថា ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានប្រើប្រាស់ ៩៧ភាគរយនៃថវិកាចំនួន ៦២,៣ពាន់លានដុល្លារអាមេរិកក្នុងមូលនិធិបន្ថែម ដែលខ្លួនបានទទួលសម្រាប់អ៊ុយក្រែន ហើយក្រសួងការបរទេស បានប្រើប្រាស់មូលនិធិជំនួយយោធាទាំងអស់ចំនួន ៤,៧ពាន់លានដុល្លារ ដែលក្រសួងត្រូវបានបែងចែកដើម្បីជួយដល់ទីក្រុងគីវ ខណៈទីក្រុងនេះប្រយុទ្ធជាមួយអ្នកឈ្លានពានរុស្ស៊ី។ ប្រសិនបើសភា មិនបានផ្តល់មូលនិធិថ្មីដើម្បីទិញយុទ្ធោបករណ៍ជំនួសនោះទេ សហរដ្ឋអាមេរិក អ៊ុយក្រែន និងក្រុមហ៊ុនផលិតសព្វាវុធ ប្រហែលជាត្រូវចាត់វិធានការផ្សេងទៀតដើម្បីបំពេញបន្ថែមស្តុក។