ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) បានចោទប្រកាន់លោកខាងលិច កាលពីថ្ងៃព្រហស្បតិ៍ (០៧ ធ្នូ) ថាបានគាំទ្រ «"អំពើប្រល័យពូជសាសន៍» ដោយអ៊ីស្រាអែលប្រឆាំងនឹងពលរដ្ឋប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា នៅពេលចាប់ផ្តើមការចរចានៅទីក្រុងមូស្គូ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin)។

ជាផ្នែកនៃកិច្ចប្រជុំដែលផ្តោតលើមជ្ឈិមបូព៌ា លោកពូទីនបានស្វាគមន៍លោក រ៉ៃស៊ី នៅវិមានក្រឹមឡាំង រយៈពេលមួយថ្ងៃបន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ជាទីដែលលោកបានពិភាក្សាអំពីសង្គ្រាមនៅហ្កាហ្សា និងអ៊ុយក្រែន ព្រមទាំងការខិតខំប្រឹងប្រែងរបស់រុស្ស៊ី និងអង្គការ OPEC ក្នុងការជំរុញតម្លៃប្រេង។

លោកពូទីន បាននិយាយថាវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការពិភាក្សាអំពីស្ថានភាពនៅមជ្ឈិមបូព៌ា ជាពិសេសនៅក្នុងទឹកដីប៉ាឡេស្ទីន។ លោក Raisi បានឆ្លើយតបតាមរយៈអ្នកបកប្រែថា «អ្វីដែលកំពុងកើតឡើងនៅប៉ាឡេស្ទីន និងហ្កាហ្សា គឺជាអំពើប្រល័យពូជសាសន៍ និងជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ វាកាន់តែសោកសៅជាងនេះទៅទៀត ដែលសកម្មភាពទាំងនេះត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិក និងលោកខាងលិច»។

ក្រុមអ្នកវិភាគនិយាយថា ជម្លោះនេះបានជួយរុស្ស៊ី ដោយការបង្វែរការយកចិត្តទុកដាក់របស់ពិភពលោកពីសង្គ្រាមនៅអ៊ុយក្រែន និងបានធ្វើឱ្យទីក្រុងមូស្គូ អាចតម្រឹមខ្លួនឯងជាមួយនឹងប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន។ លោក ពូទីន បាននិយាយថា ការមើលឃើញកុមាររងទុក្ខវេទនា និងការបង្ហូរឈាមនៅហ្កាហ្សា ធ្វើឱ្យទឹកភ្នែកលោកហូរ ប៉ុន្តែរដ្ឋាភិបាលលោកខាងលិច និយាយថាការអត្ថាធិប្បាយបែបនេះ គឺជាការលាក់ពុតប៉ុណ្ណោះ ដោយសារកងកម្លាំងរបស់លោក ពូទីន បានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់នៅអ៊ុយក្រែន៕