បាល់ទាត់៖ មនុស្សជាច្រើននាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលរបួសដែលបណ្ដាលមកពីបាតុករម្នាក់ ដែលបានលោតឆត្រយោងចូលទៅក្នុងសង្វៀន Allianz Arena អំឡុងពេលបារាំងយកឈ្នះអាល្លឺម៉ង់ ១-០។

អាជ្ញាធរបាល់ទាត់អឺរ៉ុបបាននិយាយថា អាជ្ញាធរច្បាប់ត្រូវចាត់វិធានការជាចាំបាច់ ចំពោះទង្វើដែលគេហៅថាជាសកម្មភាពដ៏គ្រោះថ្នាក់។ កម្ទេចកំទីមួយចំនួនបានធ្លាក់នៅលើទីលាន នៅពេលអ្នកលោតឆត្រយោងបានធ្លាក់មកទាក់ជាមួយនឹងខ្សែកាបកាំមេរ៉ា មុនពេលធ្លាក់មកលើទីលាន។ ឆត្រយោងដែលធ្លាក់មកនោះមានសរសេរពាក្យថា “Kick out oil Greenpace”។ អ្នកចាត់ការបារាំង លោក Didier Deschamps បានបញ្ជាក់ថា លោកមានការភ្ញាក់ផ្អើល និងរត់គេចនៅពេលឆត្រយោងនោះបានធ្លាក់មកក្បែរលោក។
ក្រោយមកអង្គការ Greenpeace ក៏បានធ្វើការសុំអភ័យទោសផងដែរ ដោយឆត្រយោងរបស់ខ្លួនបានធ្លាក់នៅក្នុងកីឡដ្ឋាន Allianz Arena និងធ្វើបានធ្វើឱ្យមនុស្សមានរបួស។ បារាំងបានយកឈ្នះអាល្លឺម៉ង់ក្នុងការប្រកួតយប់មិញនេះ ១-០ ដោយគ្រាប់បាល់ចូលទីខ្លួនឯងរបស់ Mat Hummels៕
អត្ថបទ៖នាង សុភាវុធ