ប្រទេសអាមេនី បានយល់ព្រមកាលពីថ្ងៃព្រហស្បតិ៍ (០៧ ធ្នូ) ថានឹងមិនរារាំងបេក្ខភាពរបស់អាស៊ែបៃហ្សង់ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអាកាសធាតុ COP29 របស់អង្គការសហប្រជាជាតិនៅឆ្នាំក្រោយនោះទេ ជាផ្នែកមួយនៃកាយវិការសុច្ឆន្ទៈចំពោះគ្នាទៅវិញទៅមកដែលមានបំណងលើកកម្ពស់ការផ្សះផ្សារវាងប្រទេសជិតខាងក្នុងតំបន់កូកាសខាងត្បូង ដែលដាច់ឆ្ងាយពីគ្នាទាំងពីរនេះ។

វិធានការនេះមិនត្រឹមតែអាចដោះស្រាយបញ្ហាដែលព្យួរនៅលើវេទិកា COP28 ដែលកំពុងដំណើរការនៅក្នុងទីក្រុងឌុយបៃ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង្អុលបង្ហាញពីការជឿទុកចិត្តកាន់តែខ្លាំងរវាងរដ្ឋធានីយ៉េរ៉េវ៉ាន់ និងរដ្ឋធានីបាគូ បន្ទាប់ពីអាស៊ែបៃហ្សង់ កាលពីខែកញ្ញា បានដណ្តើមយកតំបន់ផ្ដាច់ខ្លួន ណាហ្គ័រណូ-ការ៉ាបាក់ ចេញពីជនជាតិអាមេនីដែលបានគ្រប់គ្រងលើទីនោះ។

សេចក្តីថ្លែងការណ៍រួមមួយពីរដ្ឋបាលទាំងពីរបាននិយាយថា អាស៊ែបៃហ្សង់ នឹងដោះលែងសមាជិកសេវាកម្មអាមេនី ៣២នាក់ ដែលត្រូវបានចាប់ខ្លួន ហើយអាមេនី នឹងដោះលែងទាហានអាស៊ែបៃហ្សង់ ពីរនាក់។ ប្រទេសទាំងពីរបញ្ជាក់ឡើងវិញនូវចេតនាក្នុងការធ្វើប្រក្រតីភាពទំនាក់ទំនង និងឈានដល់សន្ធិសញ្ញាសន្តិភាព ដោយឈរលើការគោរពគោលការណ៍អធិបតេយ្យភាព និងបូរណភាពទឹកដី។

អាមេនី និងអាស៊ែបៃហ្សង់ មានជម្លោះអស់រយៈពេលជាង ៣ទស្សវត្សរ៍មកហើយលើតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ដែលបានរំដោះខ្លួនចេញពីការគ្រប់គ្រងរបស់រដ្ឋធានីបាគូ នៅក្នុងជម្លោះជនជាតិភាគតិចដ៏បង្ហូរឈាមដែលអមនឹងការដួលរលំនៃសហភាពសូវៀតឆ្នាំ១៩៩១ ដោយបានរស់រានមានជីវិតជាមួយនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុ យោធា និងការទូតពីរដ្ឋធានីយ៉េរ៉េវាន់៕