នៅក្នុងការរិះគន់ជាសាធារណៈខ្លាំងបំផុតរបស់លោកចំពោះទង្វើរបស់អ៊ីស្រាអែល ក្នុងសង្គ្រាមលើក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាភាគខាងត្បូង រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្ល៊ីនខិន (Antony Blinken) បាននិយាយថា មានគម្លាតរវាងចេតនាដែលបានប្រកាសរបស់រដ្ឋាភិបាល ដើម្បីការពារជន ស៊ីវិល និងជនរងគ្រោះ។

លោកប្ល៊ីនខិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ថា៖«នៅពេលដែលយើងឈរនៅទីនេះជិតមួយសប្តាហ៍ នៅក្នុងយុទ្ធនាការនេះ ទៅកាន់ភាគខាងត្បូង ... វានៅតែជាកត្តាចាំបាច់ ដែលអ៊ីស្រាអែល ដាក់ការធានាលើការការពារជនស៊ីវិល»។
លោក បានថ្លែងទៀតថា៖ ហើយវានៅតែមានគម្លាតរវាង ... ចេតនា ដើម្បីការពារជនស៊ីវិល និងលទ្ធផលជាក់ស្តែងដែលយើងកំពុងឃើញនៅលើដែនដីនេះ។

អ៊ីស្រាអែល និយាយថា ខ្លួនត្រូវតែលុបបំបាត់ក្រុមសកម្មប្រយុទ្ធហាម៉ាស បន្ទាប់ពីការវាយប្រហាររបស់ខ្លួនលើអ៊ីស្រាអែល រយៈពេលពីរខែកន្លងទៅ ហើយកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីឲ្យជន ស៊ីវិលគេចផុតពីគ្រោះថ្នាក់ រួមទាំងការព្រមានអំពីប្រតិបត្តិការយោធាផងដែរ។
ចំណែកប្រធានាធិបតីអាមេរិក លោក ចូបៃដិន បាននិយាយដាច់ដោយឡែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) និងស្តេចហ្ស៊កដានី Abdullah កាលពីថ្ងៃព្រហស្បតិ៍។ សេតវិមាន បាននិយាយថា លោកបៃដិន បាន«សង្កត់ធ្ងន់លើតម្រូវការដ៏សំខាន់ ដើម្បីការពារជនស៊ីវិល និងដើម្បីបំបែកប្រជាជនស៊ីវិលចេញពីក្រុមហាម៉ាស រួមទាំងតាមរយៈច្រករបៀងដែលអនុញ្ញាតឲ្យមនុស្សផ្លាស់ទីដោយសុវត្ថិភាពពីតំបន់ដែលបានកំណត់ថាមាន«អរិភាព»។