ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ក្រសួងគ្រោងចំណាយថវិកាចំនួនប្រមាណ ៤៩៣លានដុល្លារ សម្រាប់រយៈពេល ៥ឆ្នាំ (២០២១-២០២៥) ទៅមុខទៀត ដើម្បីអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។
នៅព្រឹកថ្ងៃទី១៦ មិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ថវិកាដែលគ្រោងចំណាយនេះ គឺផ្ដោតលើយុទ្ធសាស្ត្រសំខាន់ៗចំនួន៤ រួមមាន ការកសាងនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ, ការបំពាក់ឧបករណ៍បរិក្ខារនិងសម្ភារៈបណ្ដុះបណ្ដាល, ការពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រប់គ្រងមន្ត្រីជំនាញ និងគ្រូបច្ចេកទេស និង និងទីការបង្កើនបរិមាណនិងគុណភាពជំនាញបច្ចេកទេសនិងវិជ្ជាជីវៈប្រកបដោយបរិយាបន្នយេនឌ័រ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើរតួនាទីសំខាន់ណាស់នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស ព្រមទាំងការបង្កើតនិងទទួលបានការងារធ្វើកាន់តែល្អ និងការជំរុញលើកកម្ពស់ជីវភាពកាន់តែប្រសើរឡើងសម្រាប់ប្រជាជនម្នាក់ៗ ដើម្បីប្រែក្លាយក្តីសុបិន្តក្នុងការផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋគ្រប់រូបអាចធ្វើការសិក្សាពេញមួយជីវិតទៅជាការពិត។
សូមបញ្ជាក់ថា សម្រាប់ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅថា TVET DAY នៅថ្ងៃម្សិលមិញនេះ ធ្វើតាមអនឡាញ បានទាក់ទាញអ្នកចូលទស្សនាតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ក្នុងផេកក្រសួងការងារមានចំនួនរហូតដល់ជាង ៨ម៉ឺននាក់។ ទិវាជាតិនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណជន និងផ្នែកឯកជនឱ្យបានយល់ដឹងពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស៕
អត្ថបទ ឈិត បូរ៉ាវី