ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jon Finer បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកមិនបានផ្តល់ឲ្យអ៊ីស្រាអែលនូវពេលវេលាកំណត់ជាក់លាក់ ក្នុងការបញ្ចប់ប្រតិបត្តិការប្រយុទ្ធសំខាន់ៗប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាទេ ហើយប្រសិនបើសង្រ្គាម បានបញ្ចប់នៅពេលនេះ ក្រុមអ៊ីស្លាម នឹងបន្តការគំរាមកំហែង។

លោក Finer បានថ្លែងប្រាប់វេទិកាសន្តិសុខ Aspen នៅទីក្រុងវ៉ាស៊ីនតោនថា៖«យើងមិនបានផ្តល់ពេលវេលាកំណត់ច្បាស់លាស់ ដល់អ៊ីស្រាអែលទេ មិនមែនជាតួនាទីរបស់យើងទេ។ នេះ គឺជាជម្លោះរបស់ពួកគេ។ យើងមានឥទ្ធិពល ទោះបីជាយើង មិនបានគ្រប់គ្រងចុងក្រោយលើអ្វីដែលកើតឡើងជាក់ស្តែង នៅក្នុងតំបន់ហ្កាហ្សាក៏ដោយ»។

លោក Finer បាននិយាយថា អ៊ីស្រាអែល មានគោលបំណងពីរ នៅតំបន់ហ្កាហ្សា ដោយធានាថា ក្រុមហាម៉ាស មិនអាចគ្រប់គ្រងតំបន់ដែលមានប្រជាជនច្រើនបានទៀតទេ ហើយវាមិនអាចបង្កការគំរាមកំហែងដល់អ៊ីស្រាអែលទៀតដែរ បន្ទាប់ពីការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ក្នុងអំឡុងពេលដែលក្រុមសកម្មប្រយុទ្ធ បានសម្លាប់មនុស្ស ១.២០០នាក់ និងបានចាប់ពង្រត់មនុស្ស ២៤០ នាក់ផ្សេងទៀត។
លោក Finer បានបន្ថែមទៀតថា៖ និយាយតាមត្រង់ទៅ ប្រសិនបើសង្រ្គាម ត្រូវបញ្ឈប់នៅថ្ងៃនេះ (ក្រុមហាម៉ាស) វានឹងបន្តបង្កការគំរាមកំហែង) ជាមូលហេតុ ដែលយើង មិនទាន់ដល់ពេលស្នើសុំឲ្យ អ៊ីស្រាអែល បញ្ឈប់ ឬបង្ខំឲ្យមានបទឈប់បាញ់ នៅឡើយ»។