ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធីពិព័រណ៍ការងារក្នុងវិស័យកសិកម្មជាលើកដំបូង ដើម្បីផ្តល់ឱកាសការងារ ដល់សិស្សនិស្សិតក្រោយពេលបញ្ចប់ការសិក្សាជំនាញផ្សេងៗ ក្នុងវិស័យកសិកម្ម ជាពិសេសឆ្លើយតបតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់គម្លាត រវាងឧត្តមសិក្សា និងវិស័យឯកជន ដោយផ្តល់នូវវេទិកាមួយសម្រាប់និស្សិត អ្នកអប់រំ និងអ្នកជំនាញក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម ភ្ជាប់ទំនាក់ទំនង ផ្លាស់ប្តូរគំនិត និងស្វែងរកឱកាសនៅក្នុងវិស័យអប់រំកសិកម្ម ដោយមានការចូលរួមពីយុវជន និងសិស្សនិស្សិតជាច្រើននាក់ផងដែរ។

នៅក្នុងពិធីបើកពិព័រណ៍ការងារក្នុងវិស័យកសិកម្មនាព្រឹកថ្ងៃនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា បច្ចុប្បន្នប្រទេសកម្ពុជាបានឈានដល់ដំណាក់កាលថ្មីមួយទៀតនៃការអភិវឌ្ឍការអប់រំក្នុងវិស័យកសិកម្ម ដូច្នេះការរៀបចំកម្មវិធីថ្ងៃនេះក៏នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនទៅកាន់យុវជន ជាពិសេសនិស្សិតដែលនឹងជិតបញ្ចប់ថ្នាក់សិក្សាឆ្នាំទី៤ ដើម្បីស្វែងយល់ពីឱកាសការងារឲ្យត្រូវនឹងជំនាញកំពុងសិក្សា និងខណៈក្រសួងកសិកម្ម ក៏កំពុងមានតម្រូវការជ្រើសរើសមន្រ្តីកសិកម្មឃុំចំនួន ១,៦០០នាក់ ដើម្បីចុះជួយការងារជាមួយប្រជាកសិករ។

ក្រុមនិស្សិតដែលបានចូលរួមក្នុងកម្មវិធីពិព័រណ៍ការងារនេះ បានលើកឡើងស្រដៀងគ្នាថា ពួកគាត់ពិតជាសប្បាយរីករាយណាស់ នៅពេលដែលសាលារៀបចំកម្មវិធីនេះឡើង ដើម្បីឲ្យពួកគាត់ បានស្គាល់ និងស្វែងយល់កាន់តែលម្អិតអំពីទីផ្សារការងារ និងផ្តល់ឱកាសបង្កើតទំនាក់ទំនងជាមួយនយោជក និងបង្ហាញពីភាពសម្បូរបែបនៃការងារក្នុងជំនាញនានា។

សូមជម្រាបជូនថា ពិព័រណ៍ការងារក្នុងវិស័យកសិកម្មនេះ មានរយៈពេលមួយថ្ងៃពេញ ដោយមានការចូលរួមតាំងបង្ហាញពីឱកាសការងារ សេវាកម្ម និងផលិតផលជាច្រើនរបស់អង្គភាពរដ្ឋ វិស័យឯកជនចំនួន ៥៣អង្គភាព ដែលមានស្តង់សរុបចំនួន៦០ស្តង់។ ក្រៅពីការចូលរួមតាំងបង្ហាញ ក៏មានវាគ្មិនកិត្តិយស អញ្ជើញមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ , ក្រសួងអប់រំ យុវជន និងកីឡា , ក្រសួងពាណិជ្ជកម្ម , ប្រធានក្រុមហ៊ុន ,ម្ចាស់កសិដ្ឋាន ,ប្រធានសមាគមអង្គការ ជាច្រើនរូបទៀត នឹងចូលរួមក្នុងវេទិកាពិភាក្សាចំនួន៣ប្រធានបទ ស្តីពី «បទពិសោធន៍ការងាររបស់អតីត និស្សិត «ការត្រៀមខ្លួនរួចរាល់សម្រាប់គន្លងអាជីពការងារ ក្រោយបញ្ចប់ការសិក្សា» និង «ការជំរុញការបង្កើត អាជីវកម្ម ការចុះកម្មសិទ្ធបញ្ញារបស់និស្សិត កសិករ សហគមន៍ ដែលភ្ជាប់ជាមួយតម្រូវការទីផ្សារ៕ អត្ថបទ៖ ឈិត បូរ៉ាវី












