ក្រុមបាតុករអាហ្សង់ទីន បានប្រមូលផ្តុំគ្នានៅទីក្រុងប៊ុយណូ ស៊ែរ (Buenos Aires) កាលពីថ្ងៃព្រហស្បតិ៍ (០៧ ធ្នូ) ដើម្បីទាមទារឱ្យដោះលែងចំណាប់ថ្នូរទាំងអស់ពីក្រុមហាម៉ាស និងជំរុញឱ្យរដ្ឋាភិបាលរបស់ពួកគេថ្កោលទោសក្រុមនេះ។

លោក ដានីញ៉ែល ខូរីន (Daniel Korin) បងប្រុសរបស់បុរសម្នាក់ដែលត្រូវបានសម្លាប់ដោយក្រុមហាម៉ាស បាននិយាយថា «រដ្ឋាភិបាលដែលជិតចាកចេញរបស់លោកប្រធានាធិបតី អាល់ប៊ឺតតូ ហ្វឺណានដេស (Alberto Fernandez) គួរតែប្រកាសថាក្រុមហាម៉ាសជា «អង្គការភេរវករ» ហើយប្រសិនបើពួកគេបរាជ័យក្នុងការធ្វើដូច្នេះ រដ្ឋាភិបាលចូលថ្មីរបស់ប្រធានាធិបតីទើបជាប់ឆ្នោតរបស់អាហ្សង់ទីន លោក ហាវីយេ មីឡៃ (Javier Milei) គួរតែធ្វើរឿងនេះ»។

ក្រុមបាតុករបានកាន់រូបភាពចំណាប់ថ្នូរ និងដាក់រូបថតកុមារដែលក្រុមហាម៉ាស ចាប់ខ្លួនក្រោមតុក្កតាខ្លាឃ្មុំពណ៌ស។ លោក មីឡៃ នឹងត្រូវចាប់ផ្ដើមចូលកាន់តំណែងនៅថ្ងៃអាទិត្យ (១០ ធ្នូ) ខាងមុខនេះ។
ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតរបស់ខ្លួន លោកបាននិយាយថា លោកនឹងមានគោលនយោបាយការបរទេសដែលគាំទ្រអ៊ីស្រាអែល និងបង្ហាញពីបំណងក្នុងការផ្លាស់ទីស្ថានទូតអាហ្សង់ទីន នៅអ៊ីស្រាអែលទៅកាន់ទីក្រុងហ្សេរុយសាឡឹម៕