ភ្នំពេញ ៖ វិស័យអប់រំឯកជន ដែលមានចំនួនប្រមាណ ១៣៨គ្រឹះស្ថានសិក្សា បានសម្រេចរួមគ្នា ស្នើសុំរាជរដ្ឋាភិបាល ដើម្បីបើកដំណើរការសាលារៀនរបស់ខ្លួនឡើងវិញ ដើម្បីបញ្ចៀសការក្ស័យធន។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក្រោយបញ្ចប់កិច្ចប្រជុំ នៅរសៀលថ្ងៃទី ១៥ ខែមិថុនា ម្សិលមិញនេះ ។
ក្រោយពីផ្អាកដំណើរការសាលារៀនអស់រយៈពេលជាច្រើនខែមកនេះ វិស័យអប់រំឯកជន ដោយមានអនុវិស័យឧត្តមសិក្សា អនុវិស័យចំណេះដឹងទូទៅ អនុវិស័យសុខាភិបាល រួមទាំងអនុវិស័យការងារ និងមុខរបរ ដែលមានគ្រឹះស្ថានអប់រំប្រមាណ ១៣៨ បានចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធ Zoom ដើម្បីលើកឡើងពីផលប៉ះពាល់ដោយសារកូវីដ-១៩ និងដាក់ពាក្យស្នើសុំការជួយពីរាជរដ្ឋាភិបាល។
ក្រោយបញ្ចប់កិច្ចប្រជុំនេះ ឯកឧត្តម ហេង វ៉ាន់ដា បានបញ្ជាក់ថា គ្រប់គ្រឹះស្ថានសិក្សាឯកជនបានសម្រេច ដាក់ពាក្យស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបើកដំណើរការសាលារៀនឡើងវិញដោយគោរពតាមគោលការណ៍ប្រតិបត្តិស្តង់ដារ SOP របស់ក្រសួងអប់រំ ដើម្បីបញ្ចៀសការក្ស័យធន។ ឯកឧត្តម បន្តថា សំណើរនេះក៏ភ្ជាប់ជាមួយការស្នើសុំចាក់វ៉ាក់សាំងដល់សិស្សចាប់ពីអាយុ ៣ឆ្នាំដល់ ១៧ឆ្នាំផងដែរ។
ជុំវិញការស្នើរបស់គ្រឹះស្ថានសិក្សាវិស័យឯកជននាពេលនេះ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាលើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡា មានជំហរបន្តផ្អាកគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅទូទាំងប្រទេសដោយបន្តតាមដាននិងវាយតម្លៃស្ថានភាពព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ចំពោះមុខនេះ ក្រសួងអប់រំ យុវជន និងកីឡាលើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសបុគ្គលិកអប់រំ មាតាបិតា សិស្ស-និស្សិត បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ។
ឯកឧត្តម បន្តថា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនត្រូវបន្តការបង្រៀន និងរៀនពីចម្ងាយ និងតាមអនឡាញស្របតាមគន្លងជីវិតថ្មីនៃវិស័យអប់រំ។ ក្រសួងអប់រំ យុវជន និងកីឡាបានចេញរួចហើយនូវសេចក្តីណែនាំស្ដីពីការបង្រៀន និងរៀនពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិចសម្រាប់គ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាសាធារណៈ ឆ្នាំសិក្សា ២០២០-២០២១។ ក្រសួងអប់រំ យុវជន និងកីឡានឹងចេញសេចក្តីណែនាំស្ដីពីការបង្រៀននិងរៀនពីចម្ងាយនិងតាមប្រព័ន្ធអេឡិចត្រូនិចសម្រាប់គ្រឹះស្ថានសិក្សាឯកជនឆ្នាំសិក្សា២០២០-២០២១។
គួរបញ្ជាក់ថា សាលារៀនទូទាំងប្រទេស ទាំងសាលរៀនសាធារណៈ និងសាលរៀនឯកជន គ្រប់កម្រិតសិក្សា ត្រូវបានផ្អាកការសិក្សាក្នុងថ្នាក់រៀន តាំងពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១មកម្ល៉េះ។ នេះបើផ្អែកតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ នាពេលកន្លងទៅ៕
អត្ថបទ ៖ គឹមហុក