សមាគម Shanty Town Spirit នៅរាត្រីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៣នេះ បានរៀបចំ ពិធីគម្រប់ខួប ១០ឆ្នាំក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រក្នុងសហគមន៍។ ការប្រារព្ធពិធីនេះក៏ជាឱកាសមួយដើម្បីថ្លែងអំណរគុណដល់ជនសប្បុរស ដែលបានចូលរួមជួយឧបត្ថម្ភតាំងពីដើមរហូតដល់បច្ចុប្បន្នផងដែរ។

សមាគម Shanty Town Spirit ជាសមាគមមួយនៅកម្ពុជា ដែលកំពុងបន្តបេសកកម្មជួយដល់ប្រជាពលរដ្ឋមានជីវភាពក្រលំបាក។ ឈានចូលមកដល់ខែ ធ្នូ ឆ្នាំ ២០២៣នេះ សមាគមបានបំពេញសកម្មភាពក្នុងការជួយដល់ សហគមន៍ក្រីក្ររយៈពេល ១០ឆ្នាំមកហើយ។

ក្នុងឱកាសគម្រប់ខួប១០ឆ្នាំ នៃដំណើរការរបស់ខ្លួននេះ សមាគម Shanty Town Spirit ក៏បានរៀបចំពិធីជួបជុំ ជាមួយសប្បុរសជន បណ្ដាក្រុមហ៊ុន ជាច្រើន ដើម្បីថ្លែងអំណរគុណដល់ការជួយសមាគម ក្នុងកិច្ចការមនុស្សធម៌កន្លងមកនេះ។

ក្នុងឱកាសនោះ ព្រះនាង Ermine ជាស្ថាបនិកនៃ Shanty Town Spirit បានមានបន្ទូល អរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមឱ្យកិច្ចការមនុស្សធម៌មួយនេះឱ្យដំណើរការទៅបាន និងបានជួយលើកកម្ពស់ការរស់នៅរបស់គ្រួសារជាច្រើនក្នុងសហគមន៍។ ទន្ទឹមនឹងកិច្ចការជាច្រើនដែលសម្រេចបានរយៈពេល១០ឆ្នាំមកនេះ ព្រះនាងមានបន្ទូលថែម ថាសមាគមនឹងបន្តកិច្ចការសំខាន់បន្តបន្ទាប់ទៀតដើម្បីសហគមន៍។
ព្រះអង្គម្ចាស់ នរោត្តម ណារិទ្ធីពង្ស ( Norodom Narithipong ) ក៏បានមានបន្ទូលថែម ដោយថ្លែងអំណរគុណជូនដល់ រាល់អ្នកឧបត្ថម្ភគាំទ្រ ជួយជាថវិកា និងសម្ភារ ក្នុងដំណើរការជួយដល់សហគមក្រីក្ររយៈពេល ១០ឆ្នាំមកនេះផងដែរ។

សមាគម Shanty Town Spirit បានចាប់ផ្ដើមជួយដល់សហគមន៍ក្រីក្រ រយៈពេល១០ឆ្នាំមកហើយ។ សមាគមនេះ បច្ចុប្បន្ននៅតែបន្តជួយដល់ សហគមន៍ក្រីក្រដែលរស់នៅក្នុងតំបន់ ស្ថានីយ៍បូមទឹកបឹងត្របែក។ បេសកម្មរបស់ សមាគមនេះផ្តោតលើកិច្ចការជាច្រើន ដោយរាប់បញ្ចូលទាំងការអប់រំ ការលើកកម្ពស់ជីវភាព ការថែទាំសុខភាព អនាម័យ និងកិច្ចការជាច្រើនទៀត ពិសេសគឺផ្តោតជួយលើប្រជាពលរដ្ឋគ្រប់ក្រុមអាយុ ចាប់រាប់ពីកុមារ យុវជន មនុស្សវ័យកណ្ដាល និងមនុស្សចាស់ជរាផងដែរ៕ អត្ថបទ៖ គឹមហុក




