
ទីភ្នាក់ងារព័ត៌មាន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការស៊ើបអង្កេតមួយ បានបង្ហាញថា ការវាយប្រហារដោយរថក្រោះរបស់អ៊ីស្រាអែល បានសម្លាប់អ្នកកាសែតវីដេអូរ៉យទ័រម្នាក់ និងធ្វើឲ្យអ្នកកាសែតចំនួន៦នាក់ រងរបួស កាលពីថ្ងៃទី១៣ ខែតុលា នៅក្នុងប្រទេសលីបង់ ជាអ្វីដែលអង្គការសិទ្ធិមនុស្សពីរ បានសន្និដ្ឋានថា ប្រហែលជាការវាយប្រហារដោយចេតនា និងឧក្រិដ្ឋកម្មសង្គ្រាម។
សារព័ត៌មានរ៉យទ័រ បាននិយាយថា ការស៊ើបអង្កេតរបស់ខ្លួន បានបង្ហាញថា អ្នកថតវីដេអូ Issam Abdallah មានវ័យ ៣៧ឆ្នាំ ដែលបានតាមយកព័ត៌មានសង្គ្រាមជាច្រើនឆ្នាំ កំពុងថតការបាញ់ផ្លោងរបស់អ៊ីស្រាអែល នៅចម្ងាយមិនដល់មួយម៉ាយពីព្រំដែនជាមួយប្រទេសលីបង់ នៅពេលដែលគ្រាប់មួយគ្រាប់ បានត្រូវចំអ្នកកាសែតមួយក្រុមមកពីសារព័ត៌មានរ៉យទ័រ AFP និង Al Jazeera ដោយបានសម្លាប់លោក Abdallah។ ការវាយប្រហារលើកទីពីរ មិនដល់៤០នាទី ក្រោយមកបានបណ្តាលឲ្យអ្នកថតរូប AFP ឈ្មោះ Christina Assi មានវ័យ២៨ឆ្នាំ រងរបួសយ៉ាងធ្ងន់ធ្ងរ។
អង្គការលើកលែងទោសអន្តរជាតិ បាននិយាយថា ការស៊ើបអង្កេតរបស់ខ្លួន បានសន្និដ្ឋានថា ការវាយប្រហារនេះ ទំនងជាការវាយប្រហារដោយផ្ទាល់ទៅលើជនស៊ីវិល និងជាឧក្រិដ្ឋកម្មសង្គ្រាម។
សារព័ត៌មានរ៉យទ័យ បាននិយាយថា ការស៊ើបអង្កេតរបស់ខ្លួនរួមមានការសម្ភាសន៍ជាមួយប្រភពជាង ៣០ ដោយពិនិត្យមើលរូបថត និងវីដេអូយ៉ាងទូលំទូលាយ ព្រមទាំងសិក្សាលើភ័ស្តុតាងពីទីតាំងនៃការវាយប្រហារទាំងនោះ។